ឆ្អែតចិត្តពេក ប្ដឹងលែងប្រពន្ធចោល ព្រោះរាល់ថ្ងៃអូនអត់ចេះធ្វើម្ហូបអី ចេះតែឆុងមី
ករណីដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ កើតមានឡើងលើបុរសជនជាតិឥណ្ឌាម្នាក់ ដែលរូបលោក ហាក់ឆ្អែតចិត្តនឹងប្រពន្ធ ទ្រាំទ្រទៀតលែងបាន រហូតសម្រេចចិត្តដាក់ពាក្យប្ដឹងលែងលះគ្នា ដោយសារតែប្រពន្ធរបស់លោក មិនចេះធ្វើម្ហូបអ្វីផ្សេងទាល់តែសោះ ក្រៅពីចម្អិនមីកញ្ចប់ឱ្យលោកទាំងពេលព្រឹក ថ្ងៃ និង ល្ងាច។
បើតាមសារព័ត៌មាន The New Indian Express បានឱ្យដឹងថា ចៅក្រមតុលាការម្នាក់ បាននិយាយលើកឡើងពីករណីទំនាស់អាពាហ៍ពិពាហ៍ ដែលគូស្នេហ៍មួយគូបានដាក់ពាក្យលែងលះគ្នា ជុំវិញរឿងរ៉ាវដ៏ហួសចិត្តមួយ។
ចៅក្រមរូបនោះបាននិយាយថា ៖ «បុរសជាប្ដី បាននិយាយថា ប្រពន្ធគាត់គឺមិនចេះធ្វើម្ហូបអ្វី ក្រៅពីមីកញ្ចប់ឡើយ។ ទាំងអាហារព្រឹក ថ្ងៃ និង ល្ងាច គឺមីរហូត។ បុរសរូបនោះ បានបន្ថែមទៀតថា ប្រពន្ធលោក គឺឱ្យតែហាងលក់អីវ៉ាន់ ហើយមកវិញគឺទិញតែមីកញ្ចប់នោះឯង»។
គួរបញ្ជាក់ថា ប្ដីប្រពន្ធមួយគូនោះ ចុងក្រោយគឺបានសម្រេចចិត្តលែងលះគ្នា ដោយមានការយល់ព្រមទាំងភាគីសងខាង ហើយករណីមួយនេះដែរ ខាងតុលាការដាក់ឈ្មោះថាជា «Maggi case»៕