កោះមួយនៅអាហ្សង់ទីន អាចអណ្ដែតវិលចុះវិលឡើងដូចផ្ដិលលើទឹក យ៉ាងអាថ៌កំបាំង
កោះ El Ojo ឬ កោះ «ភ្នែក» គឺជាកោះតូចដ៏អាថ៌កំបាំងមួយ មានទីតាំងនៅដីសណ្ដទន្លេ Parana ចន្លោះក្រុង Buonos Aires និង Campana ប្រទេសអាហ្សង់ទីន។ កោះនេះមានសណ្ឋានជាដីរាបស្មើ រាងជារង្វង់ទំហំ ១២០ ម៉ែត្រ។ កោះនេះដែរ គឺអណ្ដែតលើអាងទឹកដ៏ថ្លាឈ្វេង ក្នុងតំបន់ដ៏ទាក់ទាញប្លែកមួយ។
កោះមួយនេះដែរ ទាក់ទាញចំណាប់អារម្មណ៍អ្នកស្រាវជ្រាវជាច្រើន ដោយសារតែវាបន្តវិលចុះវិលឡើងជុំវិញអ័ក្សរបស់វា។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានសន្មតថា មានវត្តមានអណ្ដូងធម្មជាតិដ៏ធំមួយដែលបង្កើតជាទឹកពុះ ដែលជាហេតុអាចធ្វើឱ្យកោះមួយនេះមានចលនាបាន។ ទោះជាយ៉ាងណា តាមទ្រឹស្តីរបស់អ្នកវិទ្យាសាស្ត្រផ្សេងទៀត បានអះអាងផ្សេងពីនេះថា គ្មានអភូតហេតុធម្មជាតិមកពីណានោះទេ ប៉ុន្តែវាគឺជាថាមពលដ៏អស្ចារ្យដែលអាចពាក់ព័ន្ធទៅនឹងជីវិតមនុស្សភពក្រៅ។
គួរបញ្ជាក់ថា កោះ «The Eye ឬ El Ojo» ត្រូវបានរកឃើញដោយអ្នកដឹកនាំរឿងសញ្ជាតិអាហ្សង់ទីនម្នាក់ឈ្មោះ Sergio Neuspiller អំឡុងពេលដែលលោករុករកកន្លែងដើម្បីថតរឿងពីហេតុការណ៍មិនធម្មតា។ ទីតាំងនៃកោះនេះ គឺជាទីតាំងល្អបំផុតសម្រាប់លោក ប៉ុន្តែនៅពេលអ្នកដឹកនាំរឿងរូបនោះ ងាកទៅពិនិត្យទីតាំងឱដិតដល់ម្ដងទៀត លោកក៏រកឃើញថា វាមានចលនា ហើយភ្លាមៗលោកក៏សម្រេចចិត្តទៅចូលមើលឱ្យកាន់តែជ្រៅ ដោយទុករឿងរបស់លោកចោល ងាកមកធ្វើជាវីដេអូឯកសារបែបវិទ្យាសាស្ត្រវិញ៕