គោតឿបំផុតលើពិភពលោក ផ្អើលគេទៅមើលភ្លូកទឹកភ្លូកដី ឥលូវបានងា-ប់ហើយ ព្រោះមូលហេតុនេះ
សត្វគោតឿបំផុត ដែលក្លាយជាទីចាប់អារម្មណ៍របស់ពលរដ្ឋនៅប្រទេសបង់ក្លាដេស បានឈ្នះកំណត់ត្រាពិភពលោកថ្មីជា «គោតឿជាងគេបំផុតលើលោក» ត្រឹមរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយវាបានស្លាប់។
សត្វគោតឿ Rani មានកម្ពស់ត្រឹម ៥០.៨ សង់ទីម៉ែត្រ បានក្លាយជាទីចាប់អារម្មណ៍ខ្លាំង ផ្អើលពលរដ្ឋបង់ក្លាដេសរាប់ពាន់នាក់ នាំគ្នាភ្លូកទឹកភ្លូកដីធ្វើដំណើរទៅមើលដោយផ្ទាល់នៅកន្លែងដែលវារស់នៅ។
ទោះជាយ៉ាងណា ក្រោយពេលម្ចាស់របស់វា ដាក់ស្នើទៅកំណត់ត្រាពិភពលោក (Guinness World Records) រឿងហេតុដ៏អាក្រក់ក៏បានកើតមានឡើងនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ដែលសត្វគោតឿដ៏គួរឱ្យស្រឡាញ់មួយនេះ បានស្លាប់ភ្លាមៗដោយសារតែការកើនឡើងជាតិហ្គាសក្នុងខ្លួនខ្លាំង។
ស្រាប់តែមកដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ម្ចាស់របស់សត្វគោតឿមួយក្បាលនោះ បាននិយាយថា លោកទទួលបានអ៊ីម៉ែលពី Guinness World Records ដែលនិយាយថា ពួកគេទទួលស្គាល់ការស្នើសុំរបស់លោក។
ក្នុងនោះដែរ បើតាមការប្រកាសលើវិបសាយ Guinness ផ្ទាល់ ក៏បានបញ្ជាក់ដែរថា កំណត់ត្រាសត្វគោតឿជាងគេបំផុតលើលោកគឺបានទៅលើសត្វគោ Rani ដែលទម្លាក់ម្ចាស់តំណែងចាស់នៃសត្វគោនៅឥណ្ឌាមានឈ្មោះថា Manikyam ដែលមានកម្ពស់ត្រឹម ៦១ សង់ទីម៉ែត្រ៕
ប្រភព៖ Bangkok Post