ការងារប្លែកៗបំផុតលើលោក ឃើញហើយហួសចិត្ត ប៉ុន្តែប្រាក់ខែវិញច្រើនកប់
ប្រិយមិត្តធ្លាប់ដែលគិតទេថា គ្រាន់តែអង្គុយហិតក្រដាស ឬភ្លក់ចំណីសត្វ អាចឲ្យយើងរកបានប្រាក់ចំណូលយ៉ាងច្រើនលើសការងារទូទៅធម្មតាមួយចំនួនទៀតនោះ? ខាងក្រោមនេះ ជាបណ្ដាការងារចម្លែកៗ ដែលអាចទទួលបានប្រាក់ចំណូលយ៉ាងច្រើន សឹងមិនគួរឲ្យជឿ ។
១. ជំនាញហិតក្លិនក្រដាសជូតមាត់
ការងារហិតក្លិនក្រដាសជូតមាត់ ស្ដាប់ទៅដូចជាចម្លែកណាស់មែនទេ ប៉ុន្តែការងារមួយនេះគឺអាចទទួលបានចំណូលច្រើនខ្លាំងរហូតដល់ ៥២ ០០០ ដុល្លារក្នុងមួយឆ្នាំ ។ និយាយជារួម អ្នកដែលទទួលការងារនេះ ត្រូវមានឃានវិញ្ញាណល្អ អាចហិតក្លិនក្រដាសជូតមាត់ជាច្រើនបញ្ជាក់ឲ្យច្បាស់ថាពិតជាក្រអូប ឬមានក្លិនបែបណានោះ ព្រោះថាខាងក្រុមហ៊ុនគឺមិនចង់ឲ្យផលិតផលរបស់ពួកគេមានក្លិនមិនល្អ ឬមិនពេញនិយមសម្រាប់អតិថិជនខ្លួនឡើយ ។
២. ជំនាញមើលទូរទស្សន៍
ជឿឬមិនជឿ គ្រាន់តែអង្គុយមើលទូរទស្សន៍សោះ អាចឲ្យយើងរកចំណូលបានយ៉ាងច្រើន ។ ការងារមួយនេះគឺងាយស្រួលបំផុត អ្នកគ្រាន់តែតម្រូវឲ្យមើលកម្មវិធីលើទូរទស្សន៍ដែលគេបានរៀបចំឲ្យ ហើយបន្ទាប់មកអ្នកគ្រាន់តែធ្វើការ review នៅអ្វីដែលយើងបានមើលនោះជាការស្រេច ។ ចំពោះប្រាក់ខែដែលទទួលបានគឺចន្លោះពី ៥០០ ទៅ ៦០០ ដុល្លារ ក្នុងមួយសប្ដាហ៍ ។ ទោះជាយ៉ាងណា ការងារមួយនេះមិនមែនសុទ្ធតែគ្រប់គ្នាអាចធ្វើបាននោះទេ ទាល់តែអ្នកដែលមានចំណេះដឹងជុំវិញផ្នែកទូរទស្សន៍ ទើបអាចដាក់ពាក្យបាន ។
៣. ជំនាញហិតក្លិនខ្លួន
ជំនាញនេះ តម្រូវឲ្យអ្នកធ្វើត្រូវហិតក្លិនក្លៀកមនុស្សជាច្រើននាក់ផ្សេងគ្នា ។ ចំពោះអ្នកដែលធ្វើការងារនេះ គឺនឹងត្រូវឲ្យចូលក្នុងបន្ទប់មួយដែលពោរពេញដោយអ្នកមានក្លិនខ្លួន ហើយធ្វើការហិតក្លៀករបស់ពួកគេម្នាក់ម្ដងៗ ។ បន្ទាប់មក អ្នកត្រូវប្រើប្រាស់ថ្នាំបំបាត់ក្លិន រួចបន្តហិតក្លៀកពួកគេជាថ្មី ។ គោលបំណងនៃការងារនេះ គឺដើម្បីធ្វើតេស្តគុណភាពលើផលិតផលបំបាត់ក្លិន ។ ប្រសិនបើលោកអ្នកអាចទ្រាំទ្រនឹងការហិតក្លិនមិនល្អ និងអាចហិតក្លៀកមនុស្សចំនួន ៦០ នាក់ក្នុងពេល ១ ម៉ោង នោះអ្នកនឹងអាចរកចំណូលបានរហូតដល់ជាង ៥២ ០០០ ដុល្លារក្នុងមួយឆ្នាំ ។
៤. មុខរបរជួលឱ្យតម្រង់ជួរជំនួស
ប្រិយមិត្តប្រាកដជាធ្លាប់ជួបប្រទះហើយ នៅពេលក្រុមហ៊ុនទូរស័ព្ទ iPhone ចេញប្រភេទទូរស័ព្ទថ្មីម្ដងៗ មនុស្សជាច្រើនតែងតែនាំគ្នាតម្រង់ជួររាប់ម៉ោងដើម្បីបានទិញប្រើប្រាស់មុនគេ ។ ជាការងាយស្រួល លោកអ្នកមិនចាំបាច់ឈរចាំនាំតែចុកជើងហត់ទៀតនោះទេ គ្រាន់តែធ្វើការជួលមនុស្សឲ្យឈរតម្រង់ជួររង់ចាំជំនួសទៅគឺជាការស្រេច ។ ចំពោះអ្នកជំនាញក្នុងការឈរតម្រង់ជួរជំនួស គឺអាចរកចំណូលបានប្រមាណ ១ ពាន់ដុល្លារក្នុងមួយសប្ដាហ៍ ។ ពួកគេគិតប្រាក់ចំនួន ២៥ ដុល្លារសម្រាប់ការឈរជំនួសក្នុងពេល ១ ម៉ោងដំបូង ហើយសម្រាប់រាល់កន្លះម៉ោងក្រោយៗ អ្នកជួលត្រូវបន្ថែមលុយចំនួន ១០ ដុល្លារៗបន្ថែមទៀត ។
៥. អ្នកជំនាញសម្អាតកន្លែងឃាតកម្ម
ចំពោះការងារមួយនេះ អ្នកជំនាញសម្អាតកន្លែងឃាតកម្ម គឺអាចរកចំណួលបានប្រមាណ ៨០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។ គួរបញ្ជាក់ថា ការងារមួយនេះ មិនមែនត្រឹមតែការជួតសម្អាតឈាម និងលើកសាកសពចេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវតម្រូវឲ្យធ្វើការលាងសម្អាត សម្លាប់មេរោគផ្សេងៗ ដើម្បីឲ្យប្រាកដថាគ្មានការសាយភាយរាលដាលនៃមេរោគផ្សេងៗ ។
៦. អ្នកជំនាញតេស្តចំណីសត្វ
គោលបំណងនៃការងារនេះ គឺចង់បញ្ជាក់ឲ្យដឹងថាចំណីសត្វទាំងនោះមានឱជារសឆ្ងាញ់សម្រាប់សត្វឬអត់ ។ អ្នកជំនាញផ្នែកនេះ មិនតម្រូវឲ្យធ្វើការលេបចំណីសត្វឡើយ ដោយពួកគេគ្រាន់តែធ្វើការទំពារ និងបញ្ជាក់ប្រាប់ឱជារសតែប៉ុណ្ណោះ ។ បើមានការយល់ព្រមព្រៀងគ្នា ក្រុមហ៊ុនចំណីសត្វ នឹងផ្ដល់ប្រាក់ខែចន្លោះពី ៤ ម៉ឺន ទៅ ១២ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ៕
ប្រភព៖ Kenh14