ត្រីផ្ទក់អភ័ព្វរស់ក្នុងទឹកសុខៗ ត្រូវអាសិរពិសពីរក្បាលប្រហារជាចំណី មួយខាំក្បាល មួយខាំកន្ទុយ ទាញគ្នាគ្មានអាសូរ
អ្នកលេងហ្វេសប៊ុកជនជាតិឥណ្ឌាម្នាក់ដែលប្រើគណនីឈ្មោះ Ghanshyam Bhanware បានបង្ហាញរូបភាពគួរឱ្យចាប់អារម្មណ៍មួយនៅឧទ្យានជាតិ Kanha ខណៈពេលដែលមានសត្វពស់កំពុងចុះទៅរកចំណីនៅក្នុងទឹក ។
អ្វីដែលគេនឹកស្មានមិនដល់នោះ គេបានប្រទះឃើញសត្វពស់មួយក្បាលធំនៅជាប់ក្រហែងថ្មបានលោក្បាលរបស់វាមួយទំហឹងទៅចឹកចាប់ត្រីក្នុងទឹកធ្វើជាអាហារចម្អែតក្រពះ ប៉ុន្តែគេមិននឹកស្មានសោះថាត្រីនោះក៏កំពុងតែជាចំណីរបស់ពស់មួយក្បាលទៀតដែលស្ថិតនៅក្នុងទឹក ដែលកំពុងព្យាយាមលេបវាជាចំណីដូចគ្នា ។
រូបភាពដែលសត្វពស់ធំពីរក្បាលខាំប្រទាញប្រទង់គ្នាដើម្បីក្លាយជាម្ចាស់ពេញសិទ្ធិលើត្រីកម្សត់នោះ បានក្លាយជារូបភាពមួយគួរឱ្យអាសូរបំផុតសម្រាប់សត្វត្រីដែលស្ថិតនៅមាត់ទ្វារមច្ចុរាជនៃពស់ទាំងពីរក្បាលនោះ ហើយវាក៏ជារូបភាពដែលមនុស្សតិចតួចណាស់នឹងបានឃើញ ។ ជាមួយគ្នានោះដែរ ក៏ត្រូវបានអ្នកនិយមលេងហ្វេសប៊ុកចោទជាសំណួរផងដែរថា តើចុងបញ្ចប់ជីវិតរបស់ត្រីនឹងទៅជាយ៉ាងណា?