រត់ចោលផ្ទះ ២ ឆ្នាំ ក្រោយឭសំឡេងគួរឱ្យខ្លាច នៅជាន់ក្រោមដីយ៉ាងអាថ៌កំបាំង
គូស្នេហ៍មួយគូនៅភាគខាងលិចតំបន់ Wales បានធ្វើការរត់ចេញពីផ្ទះរបស់ខ្លួនកាលពី ២ ឆ្នាំមុន ក្រោយឭសម្រែកស្រែកនៅជាន់ក្រោមដីផ្ទះរបស់ពួកគេ ។
ហេតុការណ៍ដ៏គួរឲ្យព្រឺសម្បុរនេះ បានកើតមានឡើងនៅក្នុងខែមិថុនា ឆ្នាំ ២០១៨ នៅពេលពួកគេ (Alan និង Christine Tait) បានឭសំឡេងចម្លែកចេញពីក្នុងផ្ទះរបស់ពួកគេ ។ បើតាម Christine បាននិយាយថា ដំបូងឡើយ ពួកគេអាចឭសំឡេងដូចសំឡេងបើកទឹក ដែលក្រោយមកប្រែទៅជាសំឡេងម៉ាស៊ីនកំពុងដំណើរការ ។ បន្ទាប់មក ពួកគេក៏ចាប់ផ្ដើមធ្វើការថតសំឡេងគ្រប់កន្លែងក្នុងផ្ទះ ដោយចាប់បានសំឡេងច្រវ៉ាក់រង្គើ សំឡេងបញ្ឆេះម៉ូតូ និងមនុស្សស្រែកជាដើម ។
រៀងរាល់ពេល ពួកគេតែងឭសំឡេងរំខានដូចជាការស្រែក ការយំ និងការនិយាយស្បថស្បែរពីមនុស្សប្រុសស្រី ក្មេងចាស់ចម្រុះគ្នា ដែលអាចឭចេញពីជាន់ក្រោមនៃផ្ទះនោះ ។
នៅទីបំផុត Alan និង Christine ក៏សម្រេចចិត្តចាកចេញចោលផ្ទះមួយនោះ ដោយបច្ចុប្បន្នកំពុងរស់នៅភាគខាងជើងប្រទេសអង់គ្លេស ក្នុងឡានរបស់ពួកគេបណ្ដោះអាសន្ន ដោយធ្វើដំណើរជុំវិញនោះ ដើម្បីព្យាយាមប្រាប់ដល់គ្រប់គ្នានៅអ្វីដែលពួកគេជឿជាក់ថាបានកើតមានឡើងនៅក្រោមផ្ទះរបស់ខ្លួន ដោយសង្ស័យថាអាចជាអំពើរបស់ក្រុមឧក្រិដ្ឋជនដែលកំពុងព្យាយាមលាក់ខ្លួននៅក្រោមផ្ទះបាយរបស់ពួកគេ ។
គួរបញ្ជាក់ថា ក្រុមប៉ូលិស Dyfed-Powys បានបញ្ជូនមន្ត្រីរបស់ខ្លួនទៅផ្ទះមួយនោះកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ ផងដែរ ប៉ុន្តែពួកគេគ្រាន់តែរកឃើញថា វាត្រឹមជាសំឡេងធម្មតាដែលមកពីផ្ទះជុំវិញនោះប៉ុណ្ណោះ ។ តែទោះជាយ៉ាងណាក៏៏ដោយ ការរកឃើញនេះ នៅតែមិនអាចធ្វើឲ្យគ្រួសារ Tait ទទួលយកបានឡើយ ។ ពួកគេនៅតែបន្តព្យាយាមស្វែងរកការពិតដែលលាក់បាំងពីសម្រែកដ៏ចម្លែកក្នុងផ្ទះនោះឲ្យទាល់តែបាន ៕
ប្រភព៖ Ladbible