នារីម្នាក់ភ័យបុកពោះស្រែករកពុទ្ធោ ពេលបើកឡានសុខៗពស់មួយក្បាលធំវារចេញមក អើតក្បាលឆ្ងក់គួរឱ្យព្រឺ
អ្នកណាមិនភ័យ អ្នកណាមិនតក់ស្លុតនោះ នៅពេលកំពុងបើកឡានទៅធ្វើការសុខៗស្រាប់តែឃើញពស់មួយក្បាលធំវារលូនលើឡាន ហើយអើតក្បាលឆ្ងក់ៗគួរឱ្យព្រឺបែបនេះ ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយនារីវ័យក្មេងម្នាក់កំពុងបើកឡានទៅធ្វើការសុខៗ ស្រាប់តែប្រទះឃើញពស់ថ្លាន់មួយក្បាលវារចេញពីឡានផ្នែកនៅខាងមុខ ហើយបានលូនអើតក្បាលឆ្ងក់បើកភ្នែកធំៗមកតាមបង្អួចកញ្ចក់ឡាន ធ្វើឱ្យនាងស្រឡាំងកាំង និង ភ័យតក់ស្លុតរន្ធត់យ៉ាងខ្លាំងស្ទើរបាត់បង់ស្មារតី មុននឹងស្វែងរកជំនួយពីមិត្តភក្តិ និង អ្នកសង្គ្រោះមកជួយនោះ ។
ខណៈដែលនាងជួបហេតុការណ៍នោះ នារីខាងលើបានសម្រេចឈប់ឡានទាំងតក់ស្លុត ហើយបានស្វែងរកជំនួយពីមិត្តភក្តិ និង ក្រុមអ្នកសង្គ្រោះដើម្បីជួយនាងភ្លាមៗ រហូតយកពស់នោះចេញបាន ។ ជាមួយគ្នានេះ នារីវ័យក្មេងដដែលនេះក៏បានធ្វើចែករំលែកពីបទពីសោធនេះផងដែរថា ដោយសារក្នុងរដូវនេះជារដូវវស្សា ដូច្នេះសត្វពស់អាចលូនវារចូលទៅសំងំកន្លែងចង្អៀតៗ ឬ ក្នុងកន្លុកកន្លៀតឡាន ដូចជាបំពង់ស៊ីម៉ាំង ជាដើម ដើម្បីរត់គេចខ្លួន ដែលប្រការនេះអ្នកគួរពិនិត្យ និង ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងបង្កគ្រោះថ្នាក់ដល់យើងជាយថាហេតុ ៕