មនុស្សភ្លូកទឹកភ្លូកដី នាំគ្នាឡើងទៅតំបន់ភ្នំមួយនៅចិន ក្រោយឭសំឡេងចម្លែករាល់ថ្ងៃជាប់គ្នា (វីដេអូ)
ថ្មីៗនេះ នៅលើបណ្ដាញសង្គមរបស់ប្រទេសចិន បានចែកចាយវីដេអូនៃសកម្មភាពរបស់មនុស្សជាច្រើនដែលប្រមូលផ្ដុំគ្នាឡើងតំបន់ភ្នំមួយនៅខេត្ត Guixhou ដើម្បីស្ដាប់សម្រែកនៃសំឡេងដ៏ចម្លែក និងអាថ៌កំបាំងចេញពីតំបន់ភ្នំនោះ ។
វីដេអូនៃសំឡេងដ៏ចម្លែកនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មហាជនជាច្រើនងឿងឆ្ងល់ថាជាសំឡេងអ្វីឲ្យពិតប្រាកដ ។ មហាជនមួយចំនួនបានគិតថាវាជាសម្រែកសត្វខ្លា ដោយអ្នកខ្លះទៀតថាជាសម្រែករបស់សត្វនាគ រីឯមួយចំនួនទៀតបែរជាគិតជាវាជាសញ្ញានៃគ្រោះរញ្ជួយដី ។
ចម្លើយនៃសំឡេងដ៏អាថ៌កំបាំងនេះ មិនអាចមាននរណាដឹងឡើយ រហូតមកទល់ថ្ងៃទី ០៣ ខែកក្កដានេះ គណកម្មការស្រុកក្នុងតំបន់នោះ បានបញ្ជាក់ជាផ្លូវការនៅសំឡេងពិតប្រាកដដ៏អាថ៌កំបាំងនេះ ដើម្បីជាការដោះស្រាយនូវចម្ងល់របស់ពលរដ្ឋខ្លួនប៉ុន្មានថ្ងៃមកនេះ ។
បើតាមអ្នកតំណាងឲ្យ Propaganda Department បានថ្លែងប្រាប់សារព័ត៌មាន Guiyang Daily ថា ពួកគេបានអញ្ជើញក្រុមអ្នកជំនាញ និងប្រធានស្ថានីយគ្រប់គ្រងសត្វព្រៃប្រចាំខេត្ត Guizhou មកកន្លែងផ្ទាល់ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវ ។ តាមការថតសំឡេងដ៏ចម្លែកពីអ្នករស់នៅក្នុងតំបន់ យកមកធ្វើការវាយតម្លៃ ពិនិត្យ និងប្រៀបធៀបគ្នា សំឡេងដ៏អាថ៌កំបាំងនៅតំបន់ភ្នំនោះ គឺតាមពិតជាសំឡេងរបស់សត្វគ្រួចជើងលឿង ។
សត្វក្រួចប្រភេទនេះ តែងតែផ្លាស់ទីមកកាន់ខេត្ត Guizhou នៅរដូវក្ដៅ ហើយអំឡុងរដូវកាលបន្តពូជ ពួកវាជាញឹកញាប់តែងតែបញ្ចេញសំឡេងបន្លាយវែងៗ និងឭៗ ដូចដែលក្នុងវីដេអូរបស់ពលរដ្ឋថតបានចែកចាយលើបណ្ដាញសង្គមនោះដូច្នោះដែរ ៕
ប្រភព៖ Kenh14