សុំមិត្តស្រីរៀបការជាមួយចិញ្ចៀនពេជ្រ ៦ វង់ កុំឱ្យពិបាករើស ខ្លាចខុសចិត្ត
គ្មានអ្វីបំផ្លាញថ្ងៃពិសេសរបស់អ្នក ជាជាងជ្រើសរើសចិញ្ចៀនភ្ជាប់ពាក្យមិនត្រូវចិត្តគូស្នេហ៍នោះទេ ។ ដូច្នេះហើយ ទើបបុរសម្នាក់នេះ សម្រេចចិត្តទិញចិញ្ចៀនពេជ្រ ៦ វង់ខុសៗគ្នា ដើម្បីឲ្យអនាគតកូនក្រមុំរបស់លោក អាចជ្រើសរើសមួយណាដែលនាងពេញចិត្តជាងគេ។
លោក Dennis Brown II ដែលជាតារាម៉ូដែលម្នាក់ បានជួលអ្នករៀបចំកម្មវិធី អ្នកតុបតែង ជាងថត រួមទាំងអ្នកច្នៃម៉ូដសម្លៀកបំពាក់ ដើម្បីធ្វើយ៉ាងណា ឲ្យការសុំមិត្តស្រីរៀបការរបស់លោក អាចដំណើរការទៅបានល្អឥតខ្ចោះ ។
ជាមួយគ្នានេះដែរ មិត្តស្រីរបស់លោកដែលមានឈ្មោះថា Atara Dallas ត្រូវបានគូស្នេហ៍របស់នាង ជូនចិញ្ចៀនពេជ្រ ចំនួន ៦ វង់ ដែលមានរូបរាងផ្សេងៗគ្នា ដើម្បីអាចឲ្យនាងជ្រើសរើសយកមួយណាដែលនាងពេញចិត្តជាងគេ ។ ក្នុងនោះដែរ ស្ត្រីដ៏សំណាងរូបនេះ ក៏បានសម្រេចចិត្តជ្រើសរើសយកចិញ្ចៀនដែលមានពេជ្រធំមួយគ្រាប់ រូបរាងជាតំណក់ទឹកភ្នែក ។
កម្មវិធីសុំមិត្តស្រីរៀបការរបស់ Dennis ទទួលបានការចាប់អារម្មណ៍ និងមានការផ្ទុះលើបណ្ដាញសង្គមជាខ្លាំង ដែលធ្វើឲ្យមហាជនជាច្រើនច្រណែន និង កោតសរសើរចំពោះគូស្នេហ៍មួយគូនេះ ៕