ប្រាប់ឈ្មោះ ៧ កន្លែងលើពិភពលោកនេះ ទាល់តែអ្នកមានភាពក្លាហាន ៩០ ភាគរយ ទើបហ៊ានទៅ
មុនពេលពួកយើងសម្រេចចិត្តដើរលេង ពួកយើងតែងតែរៀបគម្រោងយ៉ាងច្បាស់លាស់ ថាគួរតែទៅកន្លែងណាឲ្យបានល្អ និង សប្បាយនោះ។ ទោះជាយ៉ាងណាក៏ដោយមនុស្សមួយចំនួនទៀតសម្រេចធ្វើដំណើរកម្សាន្តរបស់ពួកគេក្នុងហេតុផលផ្សេង ដោយខ្លះចូលចិត្តទៅកន្លែងស្ងប់ស្ងាត់ ហើយខ្លះទៀតចូលចិត្តស្រាវជ្រាវ ទៅកន្លែងគួរឲ្យខ្លាច ដែលមនុស្សគ្រប់គ្នាមិនហ៊ានប្រថុយទៅ។ ប្រសិនបើប្រិយមិត្តចូលចិត្តការដើរលេងបែបលក្ខណៈស្រាវជ្រាវកន្លែងប្លែកៗ គួរឲ្យខ្លាច ៧ កន្លែងខាងក្រោមនេះ គឺស័ក្ដិសមបំផុតសម្រាប់អ្នកដែលក្លាហានមិនចេះខ្លាចអ្វីទាំងអស់នោះ ។
១. ព្រះវិហារធ្វើពីគ្រោងឆ្អឹង
ព្រះវិហារមួយនេះ គឺមានទីតាំងនៅក្នុងទីក្រុង Évora នៃប្រទេសព័រទុយហ្គាល់ ហើយវាគឺជាកន្លែងដ៏ល្បីល្បាញខ្លាំងបំផុតប្រចាំទីក្រុងមួយនេះ ។ ព្រះវិហារនេះ ត្រូវបានគេដាក់ឈ្មោះបែបនេះ ដោយសារតែការរចនាជញ្ជាំងនៃវិហារ គឺប្រើប្រាស់ទៅដោយគ្រោងឆ្អឹង និង លលាដ៍ក្បាលរបស់មនុស្សទាំងស្រុង ។
២. ព្រៃ Hoia
ព្រៃ Hoia មានទីតាំងនៅតំបន់ Transylvania ហើយល្បីល្បាញខ្លាំង ដោយសារតែទីនោះសម្បូររឿងអភូតហេតុប្លែកៗកើតឡើងជាច្រើន ។ បើតាមរឿងព្រេង ព្រៃមួយនេះត្រូវបានដាក់ឈ្មោះបែបនេះ ក្រោយអ្នកគង្វាលចៀមម្នាក់ បានចូលទៅក្នុងព្រៃមួយនេះជាមួយសត្វរបស់គាត់ ហើយក៏បានបាត់ខ្លួនចូលក្នុងផ្សែងអ័ព្ទដ៏ក្រាស់យ៉ាងអាថ៌កំបាំង ។
ជាមួយគ្នានោះដែរ មានអ្នកស្រាវជ្រាវជាច្រើន បានអះអាងថា ពួកគេធ្លាប់ជួបហេតុការណ៍គួរឲ្យខ្លាច តក់ស្លុត ហើយពួកគេធ្លាប់បានឮសំឡេងចម្លែកៗផ្សេងៗគ្នាជាច្រើន នៅពេលចូលទៅក្នុងព្រៃនោះ ។
៣. ពំនូកនៃឈើឆ្កាង
ពំនូកនៃឈើឆ្កាង គឺជាតំបន់ទីសក្ការមួយនៅក្នុងប្រទេស Lithuania ដែលនៅទីនោះគឺប្រមូលផ្ដុំទៅដោយឈើឆ្កាងជាច្រើនពាសពេញនោះ ។ គិតរាប់ពីចំនួនពិតប្រាកដនៃឈើឆ្កាងទាំងនោះ គឺមិនបានដឹងច្បាស់ទេ ប៉ុន្តែបើតាមការគន់គូរក្នុងជំនាន់ឆ្នាំ ៩០ ឈើឆ្កាងទាំងនោះ មានប្រហែល ៥ ០០០ ដើម ។
តំបន់មួយនេះ មិនមែនជាទីវាលកប់ខ្មោចនោះទេ ប៉ុន្តែការបន្តដាក់ឈើឆ្កាងនៅទីនេះ គឺដោយសារតែប្រជាជនក្នុងតំបន់នោះ ជឿជាក់ថា វាអាចនាំសំណាងល្អដល់ពួកគេ ។
៤. ផ្លូវ El Caminito del Rey
El Caminto del Rey គឺជាភាសាអេស្ប៉ាញដែលមានន័យជាភាសាខ្មែរថា «ផ្លូវដើរតូចសម្រាប់ស្ដេច» ។ វាជាផ្លូវបេតុងតូច ដែលមានទម្រពីក្រោមធ្វើពីដែកនៅជាប់នឹងថ្មភ្នំ ។ ផ្លូវមួយនេះ ស្ថិតនៅចន្លោះជ្រោះ Chorroនិង Gaitanejo ក្នុងក្រុង Malaga នៃប្រទេសអេស្ប៉ាញ ។
៥. កន្លែងព្យួរក្ដារមឈូស Sagada
Sagada គឺជាតំបន់ទាក់ទាញភ្ញៀវទេសចរមួយកន្លែង ដែលកន្លែងនេះ ដំបូងឡើងជាផ្នែកមួយនៃសមុទ្រនោះទេ ។ បច្ចុប្បន្ន វាបានប្រែក្លាយទៅជារូងធំជាច្រើន ដែលអាចឲ្យជនបរទេសទៅកាន់ប្រទេសហ្វីលីពីនដើម្បីចង់ទៅទស្សនាបាន ។
ក្រៅពីមានរូងភ្នំ តំបន់ Sagada ក៏មានថ្មជាច្រើន ហើយក្នុងចំណោមនោះ អ្នកទេសចរក៏អាចឃើញក្ដារមឈូសជាច្រើនបានព្យួរលើថ្មទាំងនោះ ។ បើតាមអបិយជំនឿរបស់ប្រជាជនក្នុងតំបន់នោះ ការព្យួរមឈូសលើភ្នំបែបនេះ គឺដោយសារតែពួកគេជឿថា ភ្នំគឺជាកាំជណ្ដើររវាងភពផែនដី និងឋានសួគ៌ ។
៦. កន្លែងទុកសាកសព The Capuchin Catacombs
ក្នុងក្រុង Palermo នៃប្រទេសអ៊ីតាលី មានកន្លែងបញ្ចុះសាកសពមួយ ដែលមានសាកសពជាង ៨ ០០០ នាក់បានបញ្ចុះនៅទីនោះ ។ កន្លែងមួយនេះ បានក្លាយជាទីដ៏ទាក់ទាញមួយសម្រាប់ការតាំងបង្ហាញពីខ្មោចម៉ាំមី ។
៧. ព្រៃខ្មោចឡាន
កន្លែងមួយនេះ មើលទៅហាក់ដូចជាកន្លែងមួយប្រឌិតឡើងក្នុងរឿងខ្មោចហ្សំប៊ីអ៊ីចឹង ប៉ុន្តែតាមពិតទៅ វាមានពិត ដែលមានទីតាំងក្នុងប្រទេសបែលហ្សិក ។
បើតាមដំណើររឿងពីមុន ក្រោយសង្គ្រាមលោកលើកទី ២ ទាហានអាមេរិកបានចាកចេញ ហើយបន្សល់ទុកឡានរបស់ពួកគេក្នុងព្រៃមួយនេះ ។ ក្រោយទុកចោលអស់រាប់ឆ្នាំ ឡានទាំងនោះ ត្រូវបានធម្មជាតិគ្របដណ្ដប់ និងបន្សល់ទុករូបរាងបែបនេះ ។
ប្រភព៖ Brightside