ការសិក្សា ៖ ប្រើ WiFi ច្រើន អាចបណ្តាលឱ្យងាប់មេជីវិត
អ្នកស្រី Kumiko Nakata ជាអ្នកស្រាវជ្រាវម្នាក់មកពីប្រទេសជប៉ុន បានរកឃើញថា រលកអេឡិចត្រូម៉ាញ៉េទិច ចេញពីឧបករណ៍ WiFi ដូចជា ទូរស័ព្ទដៃ និង ដុំ Router តាមផ្ទះ អាចធ្វើឱ្យមេជីវិតឈ្មោលខូចខាតយ៉ាងធ្ងន់ធ្ងរ ។
បើយោងតាមអង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ប្រហែលជា ១៥% នៃគូស្វាមីភរិយានៅលើពិភពលោក ជួបបញ្ហានៅពេលនិយាយអំពីការមានកូន ។ ក្នុងនោះដែរ យ៉ាងហោចណាស់មួយភាគបីនៃបញ្ហានេះ គឺកើតចេញពីបុរស ។ ជាការពិតណាស់ ភាពគ្មានកូនរបស់បុរស អាចបណ្តាលមកពីកត្តាជាច្រើន ដូចជា បរិស្ថានអាក្រក់ , ភាពតានតឹង , របបអាហារមិនល្អ និង ហ្សែន ជាដើម ។ ទោះយ៉ាងណា រឿងតូចតាចដូចជាការទុកទូរស័ព្ទនៅក្នុងហោប៉ៅ អាចជាបញ្ហាមួយផងដែរ ។
ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន បានធ្វើតេស្តលើគំរូមេជីវិតបុរស ៥១ នាក់ (បែងចែកជា ៣ ក្រុម) ដោយដាក់វាក្បែរឧបករណ៍ WiFi ដែលប្រៀបបានដូចការដាក់ទូរស័ព្ទក្នុងហោប៉ៅអីចឹង ។ ក្រុមទី ១ មិនទទួលឥទ្ធិពលពី WiFi ឡើយ ។ ក្រុមទី ២ ទទួលឥទ្ធិពលពី WiFi ប៉ុន្តែមានការការពារ ។ ចំណែកឯក្រុមទី ៣ ទទួលឥទ្ធិពលខ្លាំងតែម្តង ។
រយៈពេល ២ ម៉ោងក្រោយមក សមត្ថភាពអាចបង្កកំណើតរបស់មេជីវិតឈ្មោល គឺ ៥៣,៣% សម្រាប់ក្រុមទី ១ , ៤៤,៩% សម្រាប់ក្រុមទី ២ និង ២៦,៤% សម្រាប់ក្រុមទី ៣ ។ រយៈពេល ២៤ ម៉ោងក្រោយមក អត្រាងាប់មេជីវិតឈ្មោលសម្រាប់ក្រុមទី ៣ គឺ ២៣,៣% ខណៈក្រុមទី ១ ត្រឹម ៨,៤% ប៉ុណ្ណោះ ។
យ៉ាងណាមិញ អ្នកស្រី Nakata បានបញ្ជាក់ក្នុងការសិក្សាថា រលកអេឡិចត្រូម៉ាញ៉េទិចចេញពីឧបករណ៍ WiFi គឺមិនគ្រោះថ្នាក់ឡើយ បើនិយាយពីសុខុមាលភាព និង សុខភាពរបស់មនុស្ស ប៉ុន្តែការទុកទូរស័ព្ទលើតុជំនួសឱ្យហោប៉ៅ គឺជាជម្រើសល្អបំផុត ៕
ប្រភព ៖ brightside