ដើម្បីសងសឹកអ្នកជិតខាង បុរសម្នាក់ហ៊ានធ្វើអំពើបែបនេះជាង ១ ឆ្នាំ ចុងក្រោយវេទនាខ្លួនឯង (វីដេអូ)
កាលពីពេលថ្មីៗនេះ បុរសចំណាស់ជនជាតិតៃវ៉ាន់ម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន និង ផ្តន្ទាទោសធ្ងន់ធ្ងរ បន្ទាប់ពីបានរកឃើញថា គាត់បានដាក់លាមក និង ទឹកនោម ចូលទៅក្នុងអាងស្តុកទឹកស្អាតរបស់អាផាតមិនមួយកន្លែងដែលមានមនុស្សម្នាររស់នៅទីនោះប្រើប្រាស់ ហើយគិត ទៅគាត់ធ្វើសកម្មភាពដូច្នេះរយៈពេលជាងមួយឆ្នាំមកហើយ ។
បុរសចំណាស់ខាងលើមានឈ្មោះ Lin អាយុ ៦៩ ឆ្នាំ បានសារភាពថា គាត់បានធ្វើសកម្មភាពដូចខាងលើនេះ ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៧ រហូតដល់ខែកក្កដា ឆ្នាំ ២០១៨ ហើយហេតុផលគឺដើម្បីសងសឹកអ្នកជិតខាងរបស់គាត់តែប៉ុណ្ណោះ ។ បុរសដដែលបានបញ្ជាក់ថា កាលពីមុនលោកបានជួលបរិវេណខាងមុខបន្ទប់អាផាតមិនរបស់លោកតទៅឱ្យបុគ្គលិកក្រុមហ៊ុនទូរស័ព្ទចល័តមួយដើម្បីដាក់សម្ភារ ដោយបានប្រាក់ ១២០០០ដុល្លារតៃវ៉ាន់ (៣៨ដុល្លារ) ក្នុង ១ ខែ ។ យ៉ាងណាមិញ Lin មិនបានប្រាប់ព័ត៌មានដល់អ្នកជិតខាងរបស់លោកឱ្យដឹងឡើយ ហើយដោយសារតែមានភាពរញ៉េរញ៉ៃ ទើបអ្នកជិតខាងបានស្នើឱ្យបុគ្គលិកក្រុមហ៊ុនទូរស័ព្ទចល័តទាំងនោះរើសម្ភារចេញទាំងអស់ ទើបធ្វើឱ្យលោកLin បាត់ចំណូល រហូតដល់មានចិត្តគុំកួន និង ឈានដល់ប្រព្រឹត្តសកម្មភាពថោកទាបខាងលើនេះតែម្ដង ។
តាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្នុងអាផាតមិនកើតហេតុ បានឱ្យដឹងថា ពួកគេពិតជាងឿងឆ្ងល់ខ្លាំងណាស់ ដែលទឹកប្រើប្រាស់មានក្លិនស្អុយខុសពីធម្មតា ខណៈដែលអ្នកឯទៀតក៏មានជំងឺផងដែរ ដូច្នេះហើយទើបស្នើរឱ្យអ្នកគ្រប់គ្រងអាផាតមិនឆែកកាមេរ៉ាសុវត្ថិភាព រកឃើញថា លោក Lin បានយកលាមក និង ទឹកនោម របស់ខ្លួនទៅចោលក្នុងអាងស្កុតទឹកស្អាតរបស់អាផាតមិនជារៀងរាល់ថ្ងៃ ដូច្នេះមានន័យថា អ្នកដែលរស់នៅលើអាផាតមិនទាំងអស់បានប្រើប្រាស់ទឹកលាមកនេះ រហូតមកអស់រយៈពេលជាង ១ ឆ្នាំហើយ ។
ក្រោយពីប្រមូលបានភ័ស្ដុតាង ប៉ូលិសក៏បានចាប់ខ្លួនលោក Lin និង បានផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេល ២០ ខែ និង ពិន័យជាប្រាក់ ១៦០ ០០០ ដុល្លារតៃវ៉ាន់ (៥១៦០ ដុល្លារ) ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ម៉ានី
ប្រភព៖ nextshark