បុរសម្នាក់ស៊ូដេកហាលទឹកសន្សើម ៣ យប់ ដើម្បីចាំទិញស្បែកជើង Adidas Yeezy Boost 350 V2 មួយគូជូនកូនប្រុស
បច្ចុប្បន្ននេះស្បែកជើង Adidas Yeezy Boost 350 V2 កំពុងទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅលើសកលលោក ហើយការផលិតរបស់វាក៏មានកំណត់ផងដែរ ដូច្នេះហើយទើបពេលបញ្ចេញលក់ម្ដងៗគឺគេឃើញមានអតិថិជនជាច្រើនតម្រង់ជួរចាំទិញជាច្រើនម៉ោងនៅខាងមុខហាង ។
តួយ៉ាងដូចជាកាលពីពេលថ្មីៗនេះ ខណៈដែលហាង Adidas នៅទីក្រុង Taichung កោះតៃវ៉ាន់ បើកលក់ស្បែកជើង Adidas Yeezy Boost 350 V2 គេឃើញបុរសវ័យកណ្ដាលម្នាក់ អង្គុយ និង ដេក ចាំនៅខាងលើមុខហាងរយៈពេល ៣ ថ្ងៃដើម្បីទិញស្បែកជើង Adidas Yeezy Boost 350 V2 ពណ៌ខ្មៅមួយគូ សម្រាប់ជាកាដូកូនប្រុសរបស់គាត់ ។
បុរសខាងលើឈ្មោះ Li បាននិយាយថា គាត់បានដេកនៅខាងមុខហាង Adidas រយៈពេល ៣ យប់ហើយ ដើម្បីរង់ចាំទិញស្បែកជើងដែលកំពុងល្បីខាងលើនេះមួយគូសម្រាប់កូនប្រុស ព្រោះកូនប្រុសរបស់គាត់ស្រឡាញ់ស្បែកជើងម៉ាកនេះណាស់ ហើយណាមួយលោកចង់ជូនជាកាដូសម្រាប់អបអរលទ្ធផលសិក្សាដ៏ល្អរបស់គេផង ។
លោក Li បានបន្ថែមទៀតថា លោកមិនមែនជាអ្នកមានអ្វីទេ ដោយបច្ចុប្បន្ននេះលោកគ្រាន់តែមានការងារជាអ្នកបើករថយន្តដឹកជញ្ជូនតែប៉ុណ្ណោះ ដូច្នេះចំណូលគឺនៅមានកម្រិត តែមិនដឹងធ្វើយ៉ាងម៉េចបើកូនចង់បានទៅហើយ ។ សូមបញ្ជាក់ថា សម្រាប់នៅតៃវ៉ាន់ ស្បែកជើង Adidas Yeezy Boost 350 V2 នេះ គឺបានដាក់លក់ក្នុងតម្លៃចាប់ពី ២៨០ដុល្លារ ៕
ដោយ៖ ម៉ានី
ប្រភព៖ worldofbuzz