សាលារៀនមួយនៅក្នុងប្រទេសឥណ្ឌាមិនតម្រូវឱ្យសិស្សបង់ប្រាក់ តែត្រូវយកប្លាស្ទិកជំនួសប្រាក់ ដើម្បីបានចូលរៀន
Akshar ជាសាលារៀនមួយនៅក្នុងប្រទេសឥណ្ឌា ដែលតម្រូវឱ្យសិស្សយកថង់ប្លាស្ទិកមកបង់ថ្លៃសិក្សា ដែលនេះជារឿងដ៏ចម្លែកមួយ ។ លោកMazin Mukhtarជាអ្នកផ្ដួចផ្ដើមបង្កើតសាលារៀននេះ ដោយលោកបាននិយាយប្រាប់ថា កាលពីឆ្នាំ២០១៣ គាត់មានគំនិតចង់បង្កើតសាលារៀនពិសេសមួយ សម្រាប់សិស្សក្រីក្រ តែគម្រោងគ្រាន់តែជាគម្រោងមិនទាន់ក្លាយជាការពិតនៅឡើយ ។
គាត់បានប្រាប់បន្ថែមទៀតថា ពីដំបូងគាត់បង្កើតសាលានេះជាកន្លែងកែឆ្នៃសំរាម ហើយយកប្រាក់ដែលទទួលបានទៅឧបត្ថម្ភសិស្សក្រីក្រ តែអាណាព្យាបាលសិស្សមិនសូវជាចូលរួម ។ ដូច្នេះដើម្បីឱ្យមានចូលរួមពីមាតាបិតាសិស្សកាន់តែច្រើន គាត់ក៏មានគំនិតឱ្យសិស្សយកសំរាមប្លាសិ្ទកមកដូរវិញ ដើម្បីបានរៀនក្នុងសាលានេះ ។
Parmita Sarmaជាស្ថាបនិកម្នាក់ទៀតក្នុងការផ្ដួចផ្ដើមបង្កើតសាលារៀននេះ បានបញ្ជាក់ដែរថា កាលពីដំបូងយើងចង់បង្កើតសាលាដែលមិនគិតថ្លៃ ប៉ុន្តែយើងបានឃើញបញ្ហាសំណល់ប្លាស្ទិកគឺធ្ងន់ធ្ងរជាងបញ្ហាអប់រំទៅទៀត ។ ប្រជាជននៅទីនោះមានទម្លាប់ដុតសម្រាមប្លាស្ទិក ហើយផ្សែងពុលពីការដុតនោះ ពេលខ្លះក៏ហុយចូលពេញថ្នាក់រៀនទៀតផង ។
សាលារៀននេះ ក៏បានចែកចាយរឿងរ៉ាវផលប៉ះពាល់ជាច្រើនរបស់ប្លាស្ទិកឱ្យប្រជាជនក្នុងមូលដ្ឋានបានយល់ដឹងទៀតផង។ រឿងមួយដែលគួរឱ្យចាប់អារម្មណ៍ដែរនោះគឺនៅក្នុងបរិវេណសាលា សិស្សដែលមានសមត្ថភាពអាចបង្រៀនសិស្សប្អូនៗនឹងទទួលបានប្រាក់មួយចំនួន ប៉ុន្តែមិនមែនជាសន្លឹកលុយពិតទេ គឺគ្រាន់តែជាក្រដាសដែលត្រូវបានកំណត់តម្លៃ ហើយអាចទិញដូរបានតែឥវ៉ាន់ ដែលលក់ក្នុងបរិវេណសាលាប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា លោក Mazin និង អ្នកនាងParmita ដែលជាស្ថាបនិករបស់សាលាAkshar ដាក់គោលដៅចង់បង្កើតសាលារៀនដូចសាលាAkshar បន្ថែមទៀតឱ្យបាន ១០០ សាខានៅទូទាំងប្រទេសឥណ្ឌា ៕
ដោយ៖ រិទ្ធី
ប្រភព ៖ Boredpanda