រកឃើញក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ មានកម្រិត IQ ខ្ពស់ជាងលោក Albert Einstein និង លោក Stephen Hawking ទៅទៀត
កាលពីពេលថ្មីៗនេះ ក្មេងស្រីសិស្សជនជាតិអ៊ឺរ៉ង់ម្នាក់ ត្រូវបានគេរកឃើញថា មានកម្រិត IQ ខ្ពស់ជាងលោក Albert Einstein និង លោក Stephen Hawking ទៅទៀត ដែលនេះជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់ពិភពលោក ។
ក្មេងស្រីរូបនេះមានឈ្មោះ Tara Sharifi អាយុ ១១ឆ្នាំ រៀននៅវិទ្យាល័យ Aylesbury ប្រទេសអង់គ្លេស ហើយនាងត្រូវបានធ្វើតេស្ត Mensa IQ នៅ Oxford ដោយទទួលបានលទ្ធផលពិន្ទុ ១៦២ ខណៈដែលោក Albert Einstein និង លោកStephen Hawking មានតែ ១៦០ ពិន្ទុប៉ុណ្ណោះ ដូច្នេះមានន័យថា Tara Sharifi មានកម្រិត IQ ខ្ពស់ជាងពួកគេ ២ពិន្ទុ ។
សម្រាប់កម្មវិធី Mensa IQ គឺគេបានកំណត់ម៉ោងសម្រាប់សិស្សក្នុងការរកចម្លើយ ទៅលើអត្ថន័យនៃពាក្យ ឬ លំហាត់ជាដើម ។ ជាមួយគ្នានេះ Tara Sharifi បាននិយាយថា នាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានឃើញលទ្ធផលរបស់នាង ខណៈដែលនាងពុំរំពឹងថា វានឹងអាចទៅរួច ។
សូមបញ្ជាក់ថា សម្រាប់ពេលនេះ Tara Sharifi ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សដែលមានកម្រិត IQ ខ្ពស់បំផុត ព្រមទាំងបានក្លាយជាសមាជិករបស់ Mensa ទៀតផង (Mensa គឺជាក្រុមមនុស្សដែលមានកម្រិត IQ ខ្ពស់បំផុតលើលោក) ៕
ដោយ៖ ម៉ានី
ប្រភព៖ Nextshark