មានគំនិតស្មានមិនដល់ នាយកសាលាមួយកន្លែង តម្រូវឱ្យសិស្សប្រមូលសំរាមពីផ្ទះមកសាលា ព្រោះរឿងទាំងនេះ !
Akshar Forum គឺជាឈ្មោះរបស់សាលារៀនមួយស្ថិតនៅភូមិ Pamohi នៃក្រុង Guwahati ប្រទេសឥណ្ឌា ។ សាលារៀននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ដោយលោក Parmita Sharma និង លោក Mazin Mukhtar ក្នុងគោលបំណងបណ្តុះបណ្តាលសិស្សឱ្យចេះរកប្រាក់ចំណូល និង មានទំនួលខុសត្រូវដោយខ្លួនឯង ពុំបាច់ពឹងផ្អែកលើរដ្ឋាភិបាល ។
មិនត្រឹមតែជាសាលារៀនដែលអាចផ្ដល់ចំណេះដឹង និង ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលអាចផ្ដល់ឱ្យសិស្សក្លាយជាមនុស្សដែលមានសមត្ថភាពច្នៃប្រឌិតខ្ពស់ផងដែរ ។
លោកអនុប្រធានសាលាខាងលើបាននិយាយថា កាលពីកន្លះឆ្នាំមុនសាលាបានដឹកនាំសិស្សឱ្យប្រមូលសំរាម និង ថង់ប្លាស្ទិក ពីគ្រួសាររបស់ពួកគេរៀងៗខ្លួន និង ផ្ទះអ្នកជិតខាងមកសាលា ដើម្បីចាប់ផ្ដើមគំរោងច្នៃប្រឌិតសំរាមអស់ទាំងនោះឱ្យក្លាយជារបស់ប្រើប្រាស់មានប្រយោជន៍ ហើយរាល់សកម្មភាពប្រមូលសំរាមរបស់សិស្សពីផ្ទះមកសាលានេះមានន័យថា ជាថ្នូរនៃប្រាក់បង់ថ្លៃចូលរៀន ។
លោក Parmita Sarma ក៏បានប្រាប់ផងដែរថា ការអនុវត្តតាមគោលការខាងលើគឺដើម្បីការពារបរិស្ថាន បង្រៀនឱ្យក្មេងមានភាពច្នៃប្រឌិត និង ជាពិសេសអាចលើកទឹកចិត្តរបស់ពួកគេឱ្យមកចូលរៀនថែមទៀតផង ថ្វីបើគ្រួសាររបស់ពួកគេក្រីក្រយ៉ាងណា ក៏អាចមានលទ្ធភាពបញ្ជូនកូនមករៀនបានដែរ ៕
ដោយ៖ ម៉ានី
ប្រភព៖ nextshark