រឿងរ៉ាវអាថ៌កំបាំងរបស់ស្ដេចកណ្ដុរទាំង ៣២ ដែលគេរក្សាទុកក្នុងសារមន្ទីរជិត ២០០ឆ្នាំ
នាពេលកន្លងមក អ្នកវិទ្យាសាស្ត្របានបង្ហាញវត្ថុអាថ៌កំបាំងទាំង ២៥ ដែលរកឃើញនៅលើផែនដី និងធ្វើឱ្យមានចម្ងល់យ៉ាងខ្លាំង សូម្បីតែអ្នកវិទ្យាសាស្ត្រក៏ពុំអាចរកហេតុផលសមរម្យណាមួយមកពន្យល់បានឡើយ ។ ក្នុងចំណោមវត្ថុទាំង ២៥នោះ មានវត្ថុមួយចម្លែកខុសគេ នោះគឺសាកសពសត្វកណ្ដុរជាច្រើនក្បាល (៣២ក្បាល) ដែលមានកន្ទុយរុំស្អិតចូលគ្នា ហើយបើតាមជំនឿរបស់ប្រជាពលរដ្ឋរុស្ស៊ីគឺឱ្យដឹងថា សាកសពកណ្ដុរទាំងនោះ ជាសាកសពរបស់ស្ដេចកណ្ដុរ ។
សាកសពរបស់ស្ដេចកណ្ដុរទាំងនោះត្រូវបានគេរកឃើញនាឆ្នាំ ១៨២៨ នៅក្នុងចង្ក្រាន្ដរោងម៉ាស៊ីនកិនស្រូវនៅតំបន់ Buchheim ប្រទេសអាល្លឺម៉ង់ ដោយកាលនោះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះស្ដេចកណ្ដុរទាំង ៣២ បានជាប់កន្ទុយគ្នាយ៉ាងអាថ៌កំបាំង ។
យ៉ាងណាមិញ គេជឿថាលក្ខណៈពិសេសរបស់ស្ដេចកណ្ដុរ គឺត្រង់កន្ទុយរបស់វាអាចស្អិតជាប់គ្នា នៅពេលដែលពួកវាមានប្រាស្រ័យទាក់ទងគ្នា ឬនៅពេលដែលពួកវារងាជាដើម ។
សូមបញ្ជាក់ថា បច្ចុប្បន្នគេនៅតែរក្សាសាកសពរបស់ស្ដេចកណ្ដុរនៅក្នុងសារមន្ទីរ Mauritianum ក្នុងទីក្រុង Altenburg រដ្ឋ Thuringia ប្រទេសអាល្លឺម៉ង់ ហើយទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្រពុំអាចរកហេតុផលសមស្របមកបកស្រាយពីអំពីមូលហេតុពិតដែលសត្វកណ្ដុរអាចជាប់កន្ទុយគ្នាយ៉ាងស្អិតបែបនេះ តែជាមួយគ្នានេះដែរ ក៏មានការសន្និដ្ឋានថា អាចជាសិល្បៈបន្លំរបស់មនុស្សបុរាណក៏ថាបាន ៕
ប្រភព៖ List25 & Wikipedia