នេះជាបង្គន់សាធារណៈជំនាន់ ១៧០០ ឆ្នាំមុនគ.ស ធ្វើឡើងទុកសម្រាប់ជំនួបពិភាក្សា
បង្គន់គឺជាផ្នែកសំខាន់មួយដែលត្រូវតែមាននៅក្នុងផ្ទះ ដើម្បីបញ្ចេញចោលនូវកាកសំណល់ ហើយចំពោះបង្គន់នេះអាចធ្វើឱ្យយើងយល់ច្រឡំថា បង្កើតឡើងដោយគំនិតមនុស្សសម័យទំនើប ក្នុងគោលបំណងអនាម័យបរិស្ថាន ប៉ុន្តែតាមពិតបង្គន់មានកំណើតជាង ៥០០០ឆ្នាំមកហើយ ។ យោងតាមភ័ស្ដុតាងបង្គន់ដែលមានអាយុចំណាស់ជាងគេបំផុត គឺត្រូវបានគេរកឃើញនៅប្រទេសស្កុតឡែន វាមានអាយុ ៣០០០ឆ្នាំមុនគ.ស ។ សម្រាប់សំណង់បង្គន់បុរាណមួយនោះ គឺមើលទៅហាក់ដូចជាពុំមែនជាបង្គន់យ៉ាងដូច្នេះដែរដោយមើលទៅគ្រាន់តែជាដុំថ្មដាក់បន្តុបលើគ្នាតែប៉ុណ្ណោះ ។
យ៉ាងណាមិញ គេបានរកឃើញទៀតថា នៅភាគកណ្តាល និង ភាគខាងត្បូងនៃទ្វីបអឺរ៉ុប គឺមានបង្គន់ធំៗ ដែលបង្គន់ទាំងនោះមានអាយុ ១៧០០ឆ្នាំមុន គ.ស និងបង្កើតឡើងដោយរាជវាំង Knossos ។ បង្គន់ទាំងនោះ គេឃើញមានទុយោផ្គត់ផ្គង់ទឹក និងបំពង់បង្ហូរកាកសំណល់ (បំពង់បង្ហូរកាកសំណល់ និងបំពង់ផ្គត់ផ្គង់ទឹកធ្វើអំពីដី និងឥដ្ឋ) ប៉ុន្តែវាមិនទាន់ពេញលក្ខណៈជាបង្គន់នៅឡើយ រហូតដល់យុគសម័យក្រភពក្រិចនិងចក្រភពរ៉ូម៉ាំងគ្របដណ្ដប់អឺរ៉ុបទាំងមូលទើបមានបង្គន់ប្រើប្រាស់ប្រសើរជាងមុន ពោលគឺនៅពាក់កណ្តាលសតវត្សទី ១៦ ។
បន្ទប់ទឹកសាធារណៈឬឯកជននៅក្នុងទីក្រុងរ៉ូម ត្រូវបានគេពង្រីក និងរចនាម៉ូដប្លែកៗ ហើយមិនត្រឹមតែមានបង្គន់សាធារណៈធំៗប៉ុណ្ណោះទេ ថែមទាំងមានអាងទឹកសាធារណៈផងដែរ ។ ជាមួយគ្នានេះ គេសិក្សារឃើញថា បង្គន់សាធារណៈធំៗក្នុងទីក្រុងរ៉ូម មិនមែនត្រឹមតែជាបង្គន់តែមួយមុខនោះទេ តែវាក៏ជាកន្លែងជំនួបពិភាក្សាគ្នាលេងផងដែរ ព្រោះវាអនុញ្ញាត្តិឱ្យមនុស្សចូលទៅបន្ទោបង់បានរហូតដល់ ២០នាក់ក្នុងពេលតែមួយ ហើយបើយោងតាមរូបភាពគឺវាហាក់ដូចជាពុំមានឯកជនភាពឡើយ ។
រាល់អ្នកដែលចូលទៅបន្ទោបង់ គឺគេភ័យខ្លាចមានសត្វល្អិត ឬកណ្ដុរខាំគូទរបស់ពួកគេព្រោះតែតម្រូវឱ្យអង្គុយបន្ទោបង់នៅលើប្រហោងធំមួយ ហើយកាកសំណល់ទាំងនោះនឹងធ្លាក់ចូលទៅក្នុងលូធំបំផុតមួយក្នុងទីក្រុង (លូនោះគឺមាននាទីទទួលកាកសំណល់ទូទាំងទីក្រុងរ៉ូម) ។
សូមបញ្ជាក់ថា យុគសម័យបង្គន់អាចឈានដល់ទំនើបដូចសព្វថ្ងៃគឺផ្ដើមចេញពីលោក Thomas Crapper (លោក Thomas Crapper កើតនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ១៨៣៦ និង ស្លាប់នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩១០) ដែលជាអ្នកជំនាញខាងបំពង់ទឹកនៅទីក្រុងឡុងដ៍ ហើយបន្ទាប់មក ឈ្មោះចុងក្រោយរបស់លោកត្រូវបានគេសម្គាល់ជានិមិត្តសញ្ញានៃបង្គន់ ៕
ប្រភព៖ toiletpaperhistory