កូន ៥ នាក់សុទ្ធតែស្រី ទើបធ្វើឱ្យបុរសម្នាក់ខកចិត្ត មានគំនិតសម្លាប់ប្រពន្ធចោល
បុរសជនជាតិឥណ្ឌាម្នាក់ បានព្យាយាមចងកសម្លាប់ប្រពន្ធរបស់ខ្លួនតែមិនបានសម្រេច ដោយសារខឹងនាងពុំអាចបង្កើតបានកូនប្រុសសូម្បីម្នាក់ឱ្យគ្រួសារ ខណៈដែលបច្ចុប្បន្នពួកគាត់មានកូន ៤ នាក់ សុទ្ធតែស្រីទាំងអស់ ហើយកូនទី ៥ ដែលទើបតែសម្រាលមានរយៈពេល ៤ ខែមកនេះ ក៏ជាកូនស្រីដែរ ។ ប្ដីប្រពន្ធខាងលើរស់នៅទីក្រុង Anandpur Sahib រដ្ឋ Punjab ប្រទេសឥណ្ឌា ។
ប្រភពបានឱ្យដឹងថា ជនដៃដល់មានឈ្មោះ Rakesh Kumar វ័យ ៤០ ឆ្នាំ ហើយគ្រួសារខាងលើនេះ មានកូនចំនួន ៤ នាក់សុទ្ធតែស្រី ដោយកូនច្បងមានអាយុ ១៤ ឆ្នាំ បន្ទាប់មក ១២ ឆ្នាំ ១០ ឆ្នាំ និង ៨ ឆ្នាំ ។ ដោយសារតែកូនសុទ្ធតែស្រីបែបនេះទើបជនដៃដល់មានបំណងចង់បានកូនប្រុសម្នាក់ដែលជាកូនទី ៥ ប៉ុន្តែអ្វីដែលខកចិត្តខ្លាំងនោះ គឺបន្ទាប់ពីសម្រាលមកទើបដឹងថា កូនទី ៥ ក៏ជាកូនស្រីដែរ ទើបធ្វើឱ្យគាត់អស់សង្ឃឹម និង ក្ដៅក្រហាយ រហូតឈានដល់សម្លាប់ប្រពន្ធតែម្ដង តែមិនបានសម្រេច ដោយសារពេលកើតហេតុអ្នកជិតខាងបានទៅជួយទាន់ និង ប្ដឹងប៉ូលិស ។
សូម្បីបញ្ជាក់ថា បើតាមការស៊ើបអង្កេត ករណីហិង្សានៅក្នុងគ្រួសារដោយសារតែមូលហេតុគ្មានកូនប្រុសនេះ គឺពុំមែនជារឿងចម្លែកឡើងសម្រាប់រដ្ឋ Punjab ៕
ដោយ៖ ម៉ានី
ប្រភព៖ worldofbuzz