
ទៅការសង្សារចាស់ មកវិញអង្គុយយំហើមភ្នែក ព្រោះកូនកំលោះបានឱ្យអាំងប៉ាវដ៏ស្មានមិនដល់មួយ
សារព័ត៌មាន kienthuc.net.vn កាលពីពេលថ្មីៗនេះ បានចុះផ្សាយថា នារីវ័យក្មេងម្នាក់នៅខេត្ត Shandong នៃប្រទេសចិន បានចូលរួមពិធីមង្គលការអតីតគូស្នេហ៍នាង ដើម្បីបង្ហាញពីភក្ដីភាពរបស់នាង និង ដើម្បីជូនពរសង្សារជាលើកចុងក្រោយ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នារីម្នាក់ និង គូស្នេហ៍បានទាក់ទងគ្នាមកអស់រយៈពេល ៣ ឆ្នាំមកហើយ មុនពេល ដែលអ្នកទាំងពីរសម្រេចចិត្តចែកផ្លូវគ្នា ដោយសន្តិវិធី ព្រោះតែអ្នកទាំងពីរមានចំណូលចិត្ត និង បុគ្គលិកលក្ខណៈខុសគ្នា ប៉ុន្តែពួកគេនៅតែរក្សាចំណងមិត្តភាពជាមិត្តល្អដដែល រហូតមកដល់ថ្ងៃមួយនាងបានទទួលដំណឹងថា អតីតមិត្តប្រុសរបស់នាងនឹងរៀបការ ហើយគេក៏បានអញ្ជើញនាងឱ្យចូលរួម ទើបនាងសម្រេចចិត្តទៅចូលរួមអបអរសារ ព្រមទាំងបានរៀបចំកាដូខ្លះៗផងដែរ។
ជាមួយគ្នានេះដែរ ប្រភពព័ត៌មានបានឱ្យដឹងថា ពេលទៅដល់រោងការ និង ក្រោយពីបានជូនពរកូនកំលោះកូនក្រមុំរួចមក មុនពេលត្រឡប់ទៅផ្ទះវិញ កូនកំលោះក៏បានដើរមកឱ្យអាំងប៉ាវមួយដល់នារីជាសង្សារចាស់ ប៉ុន្តែនាងមិនបានបើកមើលភ្លាមៗនោះទេ រហូតដល់ត្រឡប់មកផ្ទះវិញ នាងក៏បានបើកអាំងប៉ាវនោះមើល ហើយទប់ទឹកភ្នែកមិនបាន ពេលបានឃើញថា ក្នុងអាំងប៉ាវនោះមានលុយ ១០០ យ័ន និង ក្រាស់សិតសក់មួយ។
បើតាមជំនឿរបស់ជនជាតិចិន «ក្រាស់សិតសក់» ជាទូទៅមានន័យថា ៖ «នៅជាមួយគ្នាដល់ចាស់ជរា» ព្រោះកាលពីជំនាន់មុន គូស្វាមីភរិយាថ្មីថ្មោង តែងតែសិតសក់ឱ្យគ្នាទៅវិញទៅមក ប៉ុន្តែក្នុងករណីនេះបំណងរបស់កូនកំលោះត្រូវបានគេជឿថា អាចចង់ជូនពរអតីតមិត្តស្រីឱ្យឆាប់ដល់គូ ព្រោះនៅជាប់នឹងអាំងប៉ាវនោះកូនកំលោះបានសរសេរថា ៖ «សូមជ្រើសរើស ១ ក្នុងចំណោម ១០០» ដែលមានន័យថាក្នុងពេលអនាគតនាងនឹងរកបានដៃគូល្អម្នាក់។
យ៉ាងណាមិញ ចំពោះនារីជាអតីតមិត្តស្រីវិញ មិនអាចធ្វើអ្វីបានទេក្រៅពីយំពេលបានឃើញក្រាស់សិតសក់នោះ ព្រោះនាងដឹងក្នុងចិត្តថា ពួកគេមិនមានវាសនានៅជាមួយគ្នាទៀតទេ ដូច្នេះក្រាស់សិតសក់ ដែលអតីតមិត្តប្រុសរបស់នាងបានឱ្យគឺជាសញ្ញាបញ្ជាក់ឱ្យនាងបំភ្លេចរឿងរ៉ាវគ្រប់យ៉ាង រួចធ្វើអ្វីដែលល្អសម្រាប់អនាគត។
ទន្ទឹមនឹងនេះដែរ ក្រោយពីបានចែករំលែកពីអារម្មណ៍របស់នាងលើបណ្តាញសង្គមរួចមក មនុស្សជាច្រើនហាក់មានការចាប់អារម្មណ៍ជាខ្លាំង ដោយមានអ្នកខ្លះបានលើកឡើងថា ៖ «កូនកំលោះមិនគួរធ្វើបែបនេះក្នុងថ្ងៃសំខាន់ក្នុងជីវិតរបស់ខ្លួនឡើយ ហើយសង្ឃឹមថាអតីតមិត្តស្រីម្នាក់នោះនឹងបានសុខសប្បាយ» ហើយអ្នកខ្លះទៀតបានលើកឡើងថា ៖ «នារីជាអតីតមិត្តស្រីមិនគួរទៅពិធីមង្គលការនោះទេ»៕
ប្រភព ៖ kienthuc.net.vn