
បានរៀនបណ្ឌិតតាំងពីអាយុ ១៦ ឆ្នាំ តែចុងក្រោយសំងំក្នុងផ្ទះមិនធ្វើការ ព្រោះអត់ចង់ជួបមុខមនុស្ស
រឿងរ៉ាវរបស់បុរសម្នាក់ ដែលបានឆ្លងកាត់ការសិក្សាថ្នាក់បណ្ឌិតមកតាំងពីអាយុ ១៦ ឆ្នាំ តែចុងក្រោយបែរជាសំងំនៅក្នុងផ្ទះ ព្រោះមិនចង់ជួបមុខមនុស្សម្នា កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។
រឿងរ៉ាវនេះ បានកើតឡើងនៅប្រទេសចិន ដែលបុរសខាងលើមានឈ្មោះ Zhang Xinyang សព្វថ្ងៃមានអាយុ ២៨ ឆ្នាំ តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះធ្លាប់ជាក្មេងអច្ឆរិយៈតាំងពីអាយុ ១០ ឆ្នាំ ព្រោះតែមានសមត្ថភាពខាងគណិតវិទ្យាយ៉ាងពិសេស។ បន្ទាប់មកក៏បានចូលរៀននៅមហាវិទ្យាល័យ ខាងផ្នែកវិស្វករ ដែលពេលនោះ គេគឺជានិស្សិតដែលក្មេងជាងគេបង្អស់ក្នុងប្រទេសចិនទៀតផង។
នៅពេលអាយុ ១៣ ឆ្នាំ Zhang Xinyang ក៏បានរៀនផ្នែកតិចណូឡូជីបន្តទៀត ក្រោយមកអាយុ ១៦ ឆ្នាំ ក៏បានចាប់ផ្តើមរៀនបណ្ឌិតថ្នាក់គណិតសាស្រ្តបន្ត ហើយក៏បានបាត់មុខពីសាធារណៈទៅ។ ៨ ឆ្នាំក្រោយមក នៅក្នុងឆ្នាំ ២០១៩ គេក៏បានបញ្ចប់ការសិក្សា ហើយក៏បានធ្វើជាគ្រូពិសេស តែនៅឆ្នាំ ២០២១ ក៏បានលាឈប់ ដោយមកធ្វើ Project រកលុយជាមួយមិត្តភក្តិវិញ។
យ៉ាងណាមិញ ពេលនេះ Zhang Xinyang បានឱ្យដឹងថា លោកមិនសូវមានលុយចាយវាយនោះទេ តែក៏មិនចង់ធ្វើការជាមួយអ្នកដទៃ ព្រោះមិនចង់រញ៉េរញ៉ៃ និង ចង់មានសេរីភាពដោយខ្លួនឯង ទើបនៅផ្ទះជាមួយលុយសន្សំដែលសល់តិចតួចបែបនេះ៕