អស់ពីព្រឹត្តិការណ៍ស៊ីហ្គេមទី ៣២ កម្ពុជានឹងបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមមួយទៀត នៅថ្ងៃទី ៣ ខែក្រោយ
ក្រោយពីបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬ ហៅកាត់ថា ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ រួចមក កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍មួយទៀតគឺ ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលតែងតែធ្វើឡើងបន្ទាប់ពីស៊ីហ្គេម នៅក្នុងឆ្នាំ ២០២៣ នេះនឹងមានការចូលរួមប្រកួតពីប្រតិភូអត្តពលិក មានពិការភាពមកពីប្រទេសទាំង ១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នេះ គឺនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ ខណៈដែលការប្រកួតនេះនឹងមានកីឡាចំនួន ១៣ ប្រភេទ ព្រមទាំងមានអត្តពលិលចូលរួមប្រមាណ ១៤០០ នាក់ ដែលក្នុងនោះកីឡាករ-កីឡាការិនីកម្ពុជា មានចំនួន ៣១៧ នាក់។
គួរបញ្ជាក់ដែរថា ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងនៃព្រឹត្តិការណ៍ប្រកួតកីឡាធំៗទាំងពីរក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឱ្យព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដំណើរការបានយ៉ាងល្អ ដូចព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ ដែលទើបបញ្ចប់ថ្មីៗនេះដែរ៕