អបអរ! ទោះរវល់នឹងវិស័យបាល់ទាត់ តែ ចាន់ វឌ្ឍនាកា តស៊ូរៀនរហូតបញ្ចប់ការសិក្សាជំនាញនេះ យ៉ាងជោគជ័យ
កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ នេះ បានបង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់គណអធិបតី ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម លោកគ្រូ អ្នកគ្រូ និង មហាជនទាំងអស់ នៅក្នុងពិធីប្រគល់សញ្ញាប័ត្រនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងថ្ងៃនេះ។
ក្នុងថ្ងៃប្រគល់សញ្ញាប័ត្រនេះ កីឡាករ ចាន់ វឌ្ឍនាកា ខ្ញុំបានសម្ដែងអារម្មណ៍ត្រេកអរ ដែលក្រៅពីវិស័យកីឡា លោកបានបញ្ចប់ការសិក្សាបានដោយជោគជ័យ និងមោទកភាព ដោយមានការចូលរួមជ្រោមជ្រែងពីអាណាព្យាបាល លោកឪពុកអ្នកម្តាយរបស់លោក និងពីសំណាក់លោកគ្រូអ្នកគ្រូទាំងអស់ ហើយលោកប្តេជ្ញា នឹងយកចំណេះដឹងដែលខ្លួនបានរៀនសូត្រ ដើម្បីបំរើជាប្រយោជន៍ដល់ប្រទេសជាតិតាមរយៈការចូលរួមសកម្មភាពនានា។
ទន្ទឺមនោះ កីឡាកររូបនេះ បានលើកទឹកចិត្តដល់បងប្អូនកីឡាករដទៃទៀត ពិសេសយុវជនត្រូវតែខិតខំប្រឹងប្រែងសិក្សា រៀនសូត្រ បើទោះបីជាយើងប្រឡូកក្នុងវិស័យកីឡាក៏ដោយ ព្រោះថាក្រៅពីការលេងកីឡា ការសិក្សាគឺមានសារៈសំខាន់បំផុតក្នុងការជ្រោមជ្រែងទៅដល់ប្រទេសជាតិ ក្នុងនាមជាទំពាំងស្នងឫស្សី៕