កីឡា ១០ ប្រភេទ កំពុងពេញនិយមខ្លាំងបំផុតនៅលើពិភពលោក ប្រកួតម្តងៗមានអ្នកទស្សនាពាន់លាននាក់
កីឡា និង ការប្រកួតជាច្រើនបានធ្វើឡើងនៅទូទាំងពិភពលោក ដោយកីឡាមួយចំនួនមានអាយុចំណាស់ដែរហើយ ខណៈដែលកីឡាខ្លះទៀតគឺទើបបង្កើតថ្មី។ ទោះជាយ៉ាងណាក៏ដោយ ក៏កីឡាទាំងអស់មានប្រជាប្រិយភាពខុសៗគ្នាសម្រាប់អ្នកគាំទ្រ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាកីឡាដែលគេចាត់ទុកថាជាកីឡាដ៏ពេញនិយមបំផុតទាំង ១០ នៅលើពិភពលោក។
១. បាល់ទាត់ (Football)
បាល់ទាត់ គឺជាកីឡាដ៏ពេញនិយមបំផុតដោយមានអ្នកគាំទ្រចំនួន ៤ ពាន់លាននាក់នៅទូទាំងពិភពលោក។ កាលពីឆ្នាំ ២០២២ កន្លងទៅ មានមនុស្សចំនួន ៥.៤ ពាន់លាននាក់ បានទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup Qatar ដែលជាការប្រកួតបាល់ទាត់ដ៏ធំបំផុត។
២. កីឡា Cricket (Cricket)
កីឡាដ៏ពេញនិយមមួយទៀតគឺ កីឡា cricket ដោយមានអ្នកគាំទ្រប្រហែល ២.៥ ពាន់លាននាក់ ដែលភាគច្រើនមកពីប្រទេសអូស្ត្រាលី អាហ្វ្រិកខាងត្បូង ប៉ាគីស្ថាន បង់ក្លាដែស នូវែលសេឡង់ និង ឥណ្ឌា។
៣. ហុកគី (Hockey)
កីឡាវាយកូនគោលលើទឹកកក និង កីឡាវាយកូនគោលលើវាលស្មៅ គឺជាកីឡាដ៏ពេញនិយមបំផុតរបស់ពិភពលោក។ កីឡាវាយកូនគោលលើទឹកកក ក៏បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក កាណាដា និង អឺរ៉ុបខាងជើង ខណៈដែលនៅក្នុងប្រទេសឥណ្ឌា និង ប៉ាគីស្ថាន គេនិយមលេងកីឡាវាយកូនគោលនេះនៅលើដី ឬ ស្មៅ។
៤. កីឡាវាយកូនបាល់ (Tennis)
យោងតាមការវាយតម្លៃដោយ Topend Sports កីឡាវាយកូនបាល់ត្រូវបានលេងដោយបុរស និង ស្ត្រីប្រមាណ ៦០ លាននាក់នៅទូទាំងពិភពលោក ដែលធ្វើឱ្យវាក្លាយជាកីឡាបុគ្គលដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក។
៥. កីឡាបាល់ទះ (Volleyball)
កីឡាបាល់ទះ គឺជាកីឡាដែលមានអ្នកគាំទ្រដល់ទៅ ៩០០ លាននាក់នៅទូទាំងពិភពលោក ជាពិសេសនៅអាមេរិកខាងជើង ខាងអឺរ៉ុប និង អាស៊ី។
៦. កីឡាវាយកូនឃ្លីលើតុ (Table Tennis)
បើនិយាយពីប្រជាប្រិយភាពវិញ កីឡាវាយកូនឃ្លីលើតុ គឺជាកីឡាដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក ព្រមទាំងត្រូវបានគេព្យាករណ៍ទុកថា អាចនឹងមានអ្នកគាំទ្រដល់ទៅ ៨៥០ លាននាក់ទូទាំងពិភពលោក។
៧. បាល់បោះ (Basketball)
បាល់បោះ ជាកីឡាដ៏ពេញនិយមមួយ ដែលបានបង្កើតឡើងដោយអ្នកអប់រំជនជាតិអាមេរិក-កាណាដា លោក James Naismith ហើយបច្ចុប្បន្នត្រូវបានលេងទូទាំងពិភពលោក ដោយអ្នកគាំទ្រប្រមាណ ៨២៥ លាននាក់។
៨. កីឡាបេស្បល (Baseball)
កាលពីមុន កីឡាបេស្បល មានប្រជាប្រិយភាពនៅសហរដ្ឋអាមេរិក ជាងកន្លែងផ្សេងទៀតនៅក្នុងពិភពលោក ប៉ុន្តែក្រោយមកប្រទេសជប៉ុនក៏បានចាប់អារម្មណ៍លើកីឡានេះខ្លាំងឡើង។
៩. បាល់ឱប (Rugby)
បាល់ឱប គឺជាកីឡា ដែលមនុស្សគ្រប់ភេទអាចលេងបាន ដូច្នេះហើយវាមានអ្នកលេងរហូតដល់ ១០ លាននាក់នៅទូទាំងពិភពលោក។
១០. កីឡាវាយកូនហ្គោល (Golf)
នៅទូទាំងពិភពលោកមានអ្នកគាំទ្រកីឡាវាយកូនហ្គោលប្រមាណជា ៤៥០ លាននាក់៕
ប្រភព ៖ Ranking Royals