មួយរយៈចុងក្រោយនេះ កីឡាករ ព្រំ សំណាង កាន់តែធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់លោកល្បីសុសសាយ ត្រូវបានទស្សនិកគ្រប់ស្រទាប់ស្គាល់ពីសមត្ថភាពកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតមហាជនដាក់រហស្សនាមថា ជង្គង់ពិឃាត ក្រោយពីបានប្រើបច្ចេកទេសប្រដាល់ក្បាច់គុនខ្មែរ យកឈ្នះលើគូប្រកួតផ្ទួនៗក្នុងសង្វ្រៀនប្រដាល់។
ព្រំ សំណាង បានចាប់អាជីពជាអ្នកប្រដាល់ក្បាច់គុនខ្មែរតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ហើយគិតត្រឹមខែមីនា ឆ្នាំ ២០២៣ នេះ សមិទ្ធផលធំៗដែល ព្រំ សំណាង ទទួលបានគឺ មេដាយមាស ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរចំនួន ១ នៅឆ្នាំ ២០២៣, មេដាយសំរឹទ្ធចំនួន ១ ពីព្រឹត្តិការណ៍ស៊ីហ្គេម ៣១-លើវិញ្ញាសារ មួយថៃ ប្រភេទទម្ងន់ ៨១ គីឡូ នៅឆ្នាំ ២០២២ និង ឈ្នះខ្សែក្រវាត់ជើងឯក មួយថៃប្រភេទទម្ងន់ ៧៨ គីឡូ នៅឆ្នាំ ២០២៣។
បើក្រឡេកទៅមើលប្រវត្តិរូបសង្ខេបវិញ ព្រំ សំណាង កើតនៅថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៨៥ គឺជាកូនកសិករម្នាក់ កើតក្នុងគ្រួសារក្រីក្រស្ថិតនៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលតាមប្រភពបង្ហាញថា លោកគ្មានឱកាសបានរៀនសូត្រដូចក្មេងដទៃទៀតឡើយ។ បច្ចុប្បន្ន កីឡាករទម្ងន់ ៧៨ គីឡូរូបនេះ បានរៀបការ និង មានកូនប្រុសម្នាក់ ស្រីម្នាក់ ដោយកូនប្រុសអាយុ ១៩ កំពុងបន្តឈាមជ័រជាអ្នកប្រដាល់ដូចឪពុក។
ក្រៅពីឡើងសង្វ្រៀនប្រកួតប្រដាល់ លោកមានអាជីពជាជាងកាត់សក់ដ៏ឆ្នើមម្នាក់ ដើម្បីផ្ដត់ផ្គង់ជីវភាពប្រចាំថ្ងៃ រហូតលោកមានឈ្មោះល្បីខាងវិស័យកីឡាប្រដាល់ ស្រាប់តែមានមហាជនដាក់រហស្សនាមឱ្យលោកថាជា ជាងកាត់សក់ដៃឯក ទៀតផង៕
ប្រភព៖ Wikipedia