អ្នកប្រដាល់គុនខ្មែរ ២ រូប បំបាក់គូប្រកួតត្រឹមទឹកទី ១ លើសង្វៀន Thaifight ឈ្នះពាន និង ខ្សែក្រវ៉ាត់ ឡើងកក្រើកប្រទេស
ប្រិយមិត្តអ្នកស្នេហាកីឡាប្រដាល់គុនខ្មែរ ថ្មីៗនេះហ៊ោរកញ្ច្រៀវត្រេកអរផ្ទួនៗក្រោយកីឡាករគុនខ្មែរ ២ រូប បានយកឈ្នះគូប្រកួតនៅសង្វៀន Thaifight ទទួលបានពានរង្វាន់ស្ដេចថៃ និង ខ្សែក្រវ៉ាត់ គួរឱ្យស្ញប់ស្ញែងបំផុត ខណៈពួកគេបានផ្ដួលគូប្រកួតឱ្យសន្លប់នៅទឹកទី ១ ដូចគ្នា។
ជាក់ស្ដែង កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានផ្ដួលគូប្រកួតឱ្យសន្លប់ត្រឹមទឹកទី ១ ដោយយកឈ្នះកីឡាករអង់គ្លេស Thomas Carpenter នៅសង្វៀន Thai Fight តាមរយៈការប្រើជង្គង់ដ៏មុតស្រួចផ្តួលគូប្រកួតឱ្យសន្លប់។
ទន្ទឹមនេះ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ ទើបកន្លងទៅថ្មីៗដូចគ្នានេះ កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា ក៏បានប្រកួតយកឈ្នះកីឡាករប្រដាល់ថៃ សៃ យុគ និង ដណ្តើមបានខ្សែក្រវាត់ជូនមាតុប្រទេសចារជាប្រវត្តិសាស្ត្រដំបូង ដែលកម្ពុជាអាចដណ្តើមបានពានមហាក្សត្រថៃ និង ខ្សែក្រវាត់ជាលើកដំបូង នៅសង្វៀនប្រកួតប្រទេសថៃ ក្នុងកម្មវិធី «Thai Fight»។
គួរឱ្យដឹងផងដែរថា ក្រោយដណ្ដើមបានជ័យជម្នះពីការប្រកួតខាងលើ ហើយត្រឡប់មកមាតុប្រទេសវិញប្រកបដោយភាពជោគជ័យ កីឡាករប្រដាល់គុនខ្មែរទាំង ២ បានធ្វើឱ្យសាធារណជនសម្ដែងការអបអរសាទរទទួលស្វាគមន៍លោកជាខ្លាំង ព្រមទាំងធ្វើឱ្យមហាជនជាច្រើនងាកមកចាប់អារម្មណ៍គាំទ្រទៅលើវិស័យកីឡាប្រដាល់យ៉ាងច្រើនផុសផុល៕