កាលពីល្ងាចថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ កន្លងទៅសហព័ន្ធគុនខ្មែរអន្តរជាតិ បានប្រកាសសម្រេចអនុម័តលើវិញ្ញាសារចំនួន ១៩ ដើម្បីដាក់ចូលប្រកួតនៅស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ នេះ។
ក្នុងចំណោមវិញ្ញាសារទាំង ១៩ នោះ រួមមាន ១១ វិញ្ញាសារ ជាប្រភេទវិញ្ញាសារទម្ងន់សម្រាប់បុរស និង ៦ ប្រភេទទៀតជាវិញ្ញាសារទម្ងន់សម្រាប់នារី។ ដោយឡែក ២ វិញ្ញាសារទៀតរួមគឺ វិញ្ញាសារគុនគ្រូបុរស និង គុនគ្រូនារី។
គួរបញ្ជាក់ដែរថា សេចក្ដីសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ កន្លងទៅរវាងប្រទេសទាំង ៨ នៅតំបន់អាស៊ាន ដែលនឹងចូលរួមមានដូចជា ៖ កម្ពុជា ថៃ ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន និង វៀតណាម ដោយបានអនុម័តជាឯកច្ឆ័ន្ទក្នុងការប្រើឈ្មោះ «គុនខ្មែរ»។
សូមរំឭកម្ដងទៀតថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ ចំណែកឯព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នឹងធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះដែរ៕
ប្រភព និង រូបភាពដោយ៖ ក្រសួង ព័ត៌មាន និង Cambodia 2023