Cristiano Ronaldo ជាប់ឈ្មោះជាកីឡាករលេងអន់បំផុតក្នុងវគ្គចែកពូលនៅ FIFA World Cup ២០២២
យោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយថា កីឡាករ Cristiano Ronaldo ដែលមានវ័យ ៣៧ ឆ្នាំនេះ មិនបានបង្ហាញទម្រង់លេងល្អនោះទេ ក្នុងការប្រកួត ៣ លើកដំបូងរបស់គេ បើទោះបីជាលោកបានស៊ុតប៉េណាល់ទី ១ គ្រាប់ក៏ដោយ ប៉ុន្តែនៅលើគេហទំព័រ SofaScore ដែលបានជ្រើសរើសកីឡាករលេងអន់បំផុត ក្នុងវគ្គចែកពូលនៃការប្រកួត FIFA World Cup ២០២២ ដោយបានដាក់ឈ្មោះ Ronaldo គឺមានពិន្ទុជាមធ្យមត្រឹមតែ ៦.៣៧ ក្នុងការប្រកួតទាំងបីរបស់លោកតែប៉ុណ្ណោះ។
ទម្រង់លេងរបស់កីឡាករ Ronaldo ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះខ្លាំងហើយ ជាពិសេសក្នុងការប្រកួតវគ្គចុងក្រោយជាមួយនឹងកូរ៉េខាងត្បូង ព្រោះនៅពេលដែលបាល់មកទើសខ្នងរបស់លោក ហើយវាបានផ្លាតទៅឱ្យ Kim Young-Gwon ដែលជាជម្រើសជាតិកូរ៉េស៊ុតបញ្ចូលទី។
គួរបញ្ជាក់ដែរថា ក្រៅពី Ronaldo នៅមានកីឡាករ ១០ នាក់ផ្សេងទៀត ក៏ជាប់ឈ្មោះជាកីឡាករលេងអន់បំផុតក្នុងវគ្គចែកពូល ដូចជា អ្នកចាំទី Meshaal Barsham មកពីប្រទេសកាតា, ខ្សែការពារ Francisco Calvo មកពីប្រទេសកូស្តារីកា, Oscar Duarte និង Homam Ahmed នៃប្រទេសកាតា ជាមួយនឹង Alistair Johnson កីឡាកររបស់ប្រទេសកាណាដា។ រីឯខ្សែបម្រើមានដូចជា Abdulelah Al-Malki មកពីអារ៉ាប៊ីសាអូឌីត, Karim Boudiaf ប្រទេសកាតា, Tajon Buchanan ប្រទេសកាណាដា និង កីឡាករអូស្រ្តាលី Mathew Leckie។ ចំណែកឯខ្សែប្រយុទ្ធមានតែ ២ នាក់ទេគឺ Cristiano Ronaldo នៃប្រទេសព័រទុយហ្គាល់ និង Almoez Ali នៃប្រទេសកាតា៕
ប្រភព និង រូបភាពដោយ៖ Daily Mail