យប់មិញ Sterling ខកខានការប្រកួតប៉ះក្រុមសេណេហ្គាល់ ព្រោះត្រូវហោះទៅស្រុកវិញដោយសារចោរគាស់ផ្ទះ
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Raheem Sterling បានហោះចាកចេញពីប្រទេសកាតា ព្រោះតែមានចោរប្រដាប់អាវុធបានចូលផ្ទះរបស់គាត់ ខណៈពេលដែលសមាជិកគ្រួសាររបស់គាត់កំពុងតែនៅទីនោះ ហើយ Sterling គឺមានកូន ៣ នាក់។
ហេតុការណ៍នេះគឺបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ មុនការប្រកួតកើតឡើង។ ដោយឡែកលោក Gareth Southgate ដែលជាអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសបាននិយាយបន្ទាប់ពីការប្រកួតជាមួយនឹងសេណេហ្គាល់ កាលពីថ្ងៃទី ៤ កន្លងទៅដោយជ័យជម្នះ ៣-០ ថា ៖ «ពេលខ្លះបាល់ទាត់គឺមិនមែនជារឿងសំខាន់បំផុតទេ ហើយគ្រួសារគួរតែជម្រើសទី ១»។ ចំណែកឯ Declan Rice ដែលជាមិត្តរួមក្រុមរបស់ Sterling បាននិយាយថា ៖ «ខ្ញុំបានឃើញគាត់ពេលព្រឹកនេះ បន្ទាប់មកអ្នកចាត់ការបាននិយាយថា គាត់មានបញ្ហានៅផ្ទះ ដូច្នេះយើងទាំងអស់គ្នាក៏បានផ្ញើសារទៅគាត់»។
គួរបញ្ជាក់ដែរថា ការប្រកួតបន្ទាប់របស់អង់គ្លេសនៅ World Cup គឺត្រូវប៉ះជាមួយបារាំងក្នុងវគ្គ ៨ ក្រុមចុងក្រោយ ហើយ Sterling គឺជាកីឡាករទី ២ ដែលបានចាកចេញពីក្រុមអង់គ្លេស បន្ទាប់ពីខ្សែការពារ Ben White របស់ក្រុម Arsenal ក៏បានត្រលប់មកចក្រភពអង់គ្លេសវិញកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ព្រោះហេតុផលផ្ទាល់ខ្លួន។
កាលពី ២ ឆ្នាំមុន មានចោរ ៣ នាក់ បានកំណត់គោលដៅផ្ទះមួយចំនួននៅភាគពាយព្យនៃប្រទេសអង់គ្លេស រួមទាំងផ្ទះរបស់ Sterling ក្នុងតំបន់ Cheshire ឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានប៉ូលិសចាប់ដាក់ពន្ធនាគារ៕
ប្រភព៖ BBC