កុំឃើញមូលៗអ៊ីចឹង តែបាល់សម្រាប់ទាត់នៅ FIFA មានបង្កប់បច្ចេកវិទ្យាទំនើប ចាប់ Offside ហើយសាកថ្មដូចទូរស័ព្ទ
ពិតជាទំនើប និង ជឿនលឿនមែនទែនសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA WORLD CUP ឆ្នាំ ២០២២ នេះ ខណៈសហព័ន្ធបាល់ទាត់ពិភពលោកមួយនេះ បានទម្លាយពីបច្ចេកវិទ្យាដ៏ទំនើប ដែលបំពាក់ទៅលើគ្រាប់បាល់ អាចមានសមត្ថភាពចាប់ Offside បានយ៉ាងច្បាស់លាស់បំផុត។
គ្រាប់បាល់វៃឆ្លាតរបស់ក្រុមហ៊ុន Adidas គឺមានបំពាក់ sensor ជាជំនួយដល់អាជ្ញាកណ្ដាលអំឡុងពេលប្រកួត និង ថែមទាំងជួយដល់បច្ចេកទេស VAR ក្នុងការចាប់ Offside បានកាន់តែច្បាស់ផងដែរ។
ចំពោះដំណើរការនៃបាល់វៃឆ្លាតនេះដែរ បើតាមលោក Maximillian Schmidt ដែលជាសហស្ថាបនិក និង ជាអ្នកគ្រប់គ្រងបច្ចេកវិទ្យា KINEXON បានឱ្យដឹងថា ៖ «រាល់ពេលដែលបាល់ត្រូវបានទាត់ តែតក្បាល បោះ ឬ សូម្បីតែប៉ះបន្តិច ប្រព័ន្ធក្នុងបាល់នឹងប្រមូលទិន្នន័យបានយ៉ាងរហ័សរហូតដល់ ៥០០ ហ្វ្រេមក្នុងមួយវិនាទី។ ក្រោយមក ទិន្នន័យគឺត្រូវបានបញ្ជូនក្នុងពេលវេលាជាក់ស្ដែងពីឧបករណ៍តាមដានទៅកាន់ប្រព័ន្ធកំណត់ទីតាំងក្នុងតំបន់ (LPS) ភ្ជាប់នឹងបណ្ដាញអង់តែនដែលបានដំឡើងបំពាក់នៅជុំវិញទីលានប្រកួតដែលទទួល និង រក្សាទុកទិន្នន័យសម្រាប់ប្រើប្រាស់ភ្លាមៗ។ បន្ថែមពីនេះ នៅពេលដែលបាល់មួយហោះចេញទៅក្រៅតារាង អំឡុងពេលប្រកួត ហើយបាល់ថ្មីត្រូវបានបោះ ឬ ទាត់ចូលមកជំនួស នោះប្រព័ន្ធជំនួយរបស់ KINEXON នឹងធ្វើការផ្លាស់ទិន្នន័យទៅបាល់ថ្មីដោយស្វ័យប្រវត្តិ ដោយមិនត្រូវការជំនួយពីមនុស្សនោះឡើយ»។
អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ បាល់វៃឆ្លាតដែលប្រើប្រាស់លើទីលានប្រកួតបាល់ទាត់ពិភពលោក FIFA WORLD CUP 2022 នេះដែរ គឺត្រូវការសាកថ្មដូចទៅនឹងទូរស័ព្ទដូច្នោះដែរ៕
ប្រភព៖ GIVEMESPORT