អស់ទាន់! ស្រ្តីជនជាតិបារាំង Stephanie Frappart នឹងក្លាយអាជ្ញាកណ្ដាលស្រីដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត FIFA World Cup
Stephanie Frappart នឹងក្លាយជាស្ត្រីដំបូងគេដែលចូលរួមការប្រកួតបាល់ទាត់បុរស FIFA World Cup ។ នាងជាស្ត្រីជនជាតិបារាំង ដែលត្រូវបានតែងតាំងជាអាជ្ញាកណ្តាលនៃការប្រកួតក្នុងពូល E នៅថ្ងៃទី ១ ខែធ្នូ ខាងមុខនេះក្នុងការប្រកួតរវាងអាល្លឺម៉ង់ និង កូស្តារីកា។
ជាក់ស្ដែង Frappart ដែលមានអាយុ ៣៨ ឆ្នាំ គឺធ្លាប់មានបទពិសោធន៍ជាច្រើនក្នុងការប្រកួតបាល់ទាត់បុរស ព្រោះនាង បានធ្វើជាអាជ្ញាកណ្ដាលរួចម្ដងហើយ កាលពីការប្រកួត UEFA EURO ២០២០។ ក្រៅពីនោះនាងក៏បានចូលក្នុងការប្រកួតនៅក្នុងក្របខ័ណ្ឌ Ligue ១ របស់បារាំងចាប់តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ ក្រោយមកទៀត គឺនៅក្នុងការប្រកួត European Super Cup ក្នុងឆ្នាំ ២០១៩ ដែលហេតុផលទាំងអស់នេះហើយ ធ្វើឱ្យនាងបានក្លាយជាអាជ្ញាកណ្ដាលស្រីដំបូងគេ នៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League មួយទៀត កាលពីឆ្នាំ ២០២០។
ដោយឡែក នៅក្នុងការប្រកួត FIFA World Cup ២០២២ នេះ ក្រៅពី Stephanie Frappart ក៏នៅមានអាជ្ញាកណ្តាលស្រី ២ នាក់ផ្សេងទៀតដែរគឺ Salima Mukansanga ដែលមកពីប្រទេស Rwanda និង Yoshimi Yamashita ជាជនជាតិជប៉ុន ប៉ុន្តែពួកគេនៅមិនទាន់បានចូលទៅកាន់ទីលានប្រកួតនៅឡើយទេ។ ខណៈដែល Frappart នឹងធ្វើការបង្ហាញខ្លួននៅថ្ងៃព្រហស្បតិ៍ ទី ១ ខែធ្នូ ខាងមុខនេះក្នុងជំនួបរវាង អាល្លឺម៉ង់ និង កូស្តារីកា។
ចំណែកលោក Pierluigi Collina ប្រធានអាជ្ញាកណ្ដាលរបស់ FIFA បាននិយាយនៅពេលចាប់ផ្ដើមការប្រកួតថា «ពួកគេមិនមែននៅទីនេះដោយសារតែពួកគេជាស្ត្រីនោះទេ ប៉ុន្តែពួកគេជាអាជ្ញាកណ្តាលរបស់ FIFA» ហើយក្រុមអាជ្ញាកណ្តាលស្ត្រីទាំងអស់ នឹងទទួលបន្ទុកក្នុងការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរសជាលើកដំបូងនៅក្នុងការប្រកួតវគ្គចែកពូល៕
ប្រភព៖ 7News