សត្វភេនៅតូក្យូ ទាយទុកមុនថាជប៉ុនឈ្នះអាល្លឺម៉ង់ ឥលូវកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង
សត្វភេទន្លេមួយក្បាលនៅសួន aquarium នាទីក្រុងតូក្យូ កំពុងផ្ទុះការសរសើរពាសពេញបណ្ដាញសង្គមនានា ក្រោយពីវាធ្វើការទាយឆុតខ្លាំង ដោយជ្រើសរើសជប៉ុន ថាយកឈ្នះលើអាល្លឺម៉ង់ ក្នុងការបើកឆាកប្រកួតដំបូងនៅព្រឹត្តិការណ៍ World Cup 2022 ក្នុងប្រទេសកាតា។
Taiyo សត្វភេអាយុ ៨ ឆ្នាំ នៅសួនសត្វ Maxell Aqua Park Shinagawa បានបង្ហាញសកម្មភាពយ៉ាងភ្ញាក់ផ្អើលបំផុត ដោយវាបានធ្វើការកាន់បាល់ដើរសំដៅទៅធុងមានផ្លាកទង់ជាតិជប៉ុន និង ទម្លាក់បាល់ចូលទៅក្នុងធុង ជាការទស្សន៍ទាយថាជប៉ុនទទួលជ័យលាភី មុនលទ្ធផលប្រកួតចេញមកដូចអ្វីទៅនឹងការទស្សន៍ទាយរបស់វាពិតមែន។
ការទស្សន៍ទាយយ៉ាងឆុតពីសំណាក់សត្វភេមួយក្បាលនេះ បានធ្វើឱ្យប្រជាជនជប៉ុនជាច្រើនមានការភ្ញាក់ផ្អើល និងសរសើរវាជាខ្លាំង រហូតពួកគេសង្ឃឹមថា សត្វភេមួយក្បាលនេះ នឹងធ្វើការទស្សន៍ទាតការប្រកួតរបស់ជប៉ុននៅវគ្គបន្ទាប់ដែលនឹងត្រូវប៉ះគ្នាជាមួយ Costa Rica នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ៕