នៅយប់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ ក្រុមបាល់ទាត់ជម្រើសជាតិ ម្ចាស់ផ្ទះឥណ្ឌាបានបើកទ្វាស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងជំនួបពានរង្វាន់ AFC Asian Cup 2023 Qualifiers Final Round នៅកីឡដ្ឋាន Salt Lake ក្រុង Kolkata ដោយក្រុមម្ចាស់ផ្ទះឥណ្ឌា បានយកឈ្នះ ២-០ ទៅលើក្រុមជម្រើសជាតិកម្ពុជា។
ដោយឡែក រឿងដែលភ្ញាក់ផ្អើលបំផុត គឺនៅក្នុងជំនួបប្រកួត នាយប់ថ្ងៃទី ០៨ ខែមិថុនា នោះ ក្នុងនាមជាម្ចាស់ផ្ទះ ឥណ្ឌាមិនបានរៀបចំគ្រប់គ្រាន់ដើម្បីត្រៀមស្វាគមន៍កម្ពុជាឡើយ ពោលគឺកំឡុងពេលចាក់ភ្លេងជាតិនៃគូភាគីទាំង ២ បើកឆាកមុនការប្រកួត ម្ចាស់ផ្ទះឥណ្ឌាខកខានការចាក់ភ្លេងជាតិជូនកម្ពុជា និង ត្រូវពន្យារពេលប្រកួតប្រមាណ ០៧ នាទី។
ទាក់ទិនរឿងនេះ តាមរយៈ SPORTSTAR បានបញ្ជាក់ឱ្យដឹងថា មូលហេតុនៃការពន្យារពេលប្រកួតប្រមាណ ០៧ នាទី គឺអ្នករៀបចំកម្មវិធីប្រកួត មានបញ្ហារអាក់រអួលក្នុងការចាក់ភ្លេងតំណាងជាតិកម្ពុជា។ ក្រោយមកមន្ត្រីនៃក្រុមជម្រើសជាតិកម្ពុជា បានជួយរៀបចំចាក់ភ្លេងជាតិជូនកម្ពុជា តាមរយៈទូរស័ព្ទដៃ។
កំហុសរបស់ម្ចាស់ផ្ទះឥណ្ឌា បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាច្រើន នាំគ្នាសម្ដែងការខកចិត្តជាខ្លាំង។ ក្នុងនោះបើងាកមកកីឡាករ ចាន់ វឌ្ឍនាកា វិញ ក៏បានបង្ហោះសារចោទជាសំណួរមួយក្រោយឥណ្ឌាសាងកំហុសឆ្គង់មួយនេះឡើងថា ៖ «ខ្ញុំមិនដឹងថាជាកំហុស ឬក៏ជាចេតនា បើអ្នកគោរពយើង យើងនឹងគោរពអ្នក តែបើមិនគោរពពួកយើង យើងដូចគ្នា…»៕