សោកសៅណាស់! ហ្វេន Liverpool នាំគ្នាទះដៃ ស្រែកច្រៀងលើកទឹកចិត្តដល់ Ronaldo ក្រោយការស្លា-ប់របស់កូនប្រុស
អ្នកគាំទ្រក្លឹប Liverpool និង Manchester United បានចាប់ដៃគ្នា ធ្វើការរំលែកទុក្ខជាមួយកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ដោយការទះដៃរយៈពេល ១ នាទី ជុំវិញការស្លា-ប់ភ្លាមៗរបស់កូនប្រុសភ្លោះទើបនឹងកើតរបស់លោក។
កាលពីរាត្រីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ អ្នកគាំទ្រ Liverpool និង Manchester United បានធ្វើការទុកការប្រកួតប្រជែងរបស់ពួកគេមួយឡែក និងបានពួតដៃគ្នា ធ្វើការលើកទឹកចិត្ត និង ការរំលែកទុក្ខដល់ Cristiano Ronaldo អំឡុងពេលប្រកួត Premier League នៅឯពហុកីឡដ្ឋាន Anfield។
នៅនាទីទី ៧ នៃការប្រកួត អ្នកគាំទ្រនៃក្រុមទាំង ២ បាននាំគ្នាក្រោកឈរឡើង រួមទាំងធ្វើការទះដៃព្រមគ្នា ខណៈខាងអ្នកគាំទ្រ Liverpool បាននាំគ្នាស្រែកច្រៀងចម្រៀងប្រចាំក្លឹប «You’ll Never Walk Alone»។ ជាមួយគ្នានោះដែរ អាវកីឡាពណ៌ក្រហមលេខ ៧ របស់ Ronaldo ក៏ត្រូវបានអ្នកគាំទ្រលើកឡើង បង្ហាញពីទឹកចិត្តរបស់ពួកគេចំពោះកីឡាករក្នុងដួងចិត្តផងដែរ។
គួររំឭកថា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ Cristiano Ronaldo និង Georgina Rodriguez បានធ្វើការប្រកាសដំណឹងដ៏ក្រៀមក្រំបំផុតប្រាប់អ្នកគាំទ្ររបស់ពួកគេថា កូនប្រុសម្នាក់ដែលជាកូនភ្លោះរបស់ពួកគេបានស្លាប់ហើយ ក្រោយពេល Georgina សម្រាល ខណៈកូនភ្លោះស្រីនាងម្នាក់ទៀតសំណាងល្អ នៅមានជីវិត៕
ប្រភព៖ Daily Mail