(វីដេអូ) អ្នកគាំទ្រហ៊ោសឹងបែកពហុកីឡដ្ឋាន ពេល ស៊ិន សុវណ្ណមករា ស៊ុត ១ គ្រាប់យ៉ាងផ្អែមមុតនៅចុងម៉ោង ឈ្នះហ្វីលីពីន
កាលពីយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ២៣ ឆ្នាំ បានយកឈ្នះលើ ក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម ២៣ ឆ្នាំ ក្នុងលទ្ធផល ១ ទល់នឹង ០ ក្នុងជំនួបពានរង្វាន់ AFF U23 CHAMPIONSHIP 2022 ខណៈអ្នកដែលរកគ្រាប់បាល់បាន គឺកីឡាករខ្សែបម្រើពាក់លេខ ២៥ ស៊ិន សុវណ្ណមករា បំប៉ោងសំណាញ់ទី នៅនាទីទី ៨១។
យ៉ាងណាមិញ គ្រាប់បាល់ដែលរកបាន គឺស៊ុតពីចម្ងាយ ជាមួយកម្លាំងជើងដ៏ខ្លាំង របស់កីឡាករវ័យក្មេងជាងគេក្នុងក្រុម ស៊ិន សុវណ្ណមករា ដែលធ្វើឱ្យអ្នកគាំទ្រ នាំគ្នាស្រែកហ៊ោកញ្ច្រៀវ សឹងបែកពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនាំឱ្យកម្ពុជានាំមុខក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម ២៣ ឆ្នាំ នៅនាទីទី ៨៥ និង យកឈ្នះការប្រកួត ក្នុងលទ្ធផល ១ ទល់នឹង ០ ក្នុងជំនួបពានរង្វាន់ AFF U23 CHAMPIONSHIP 2022។
គួរឱ្យដឹងផងដែរថា ជ័យជំនះលើហ្វីលីពីន នៅក្នុងយប់មិញនេះ បានធ្វើឱ្យកម្ពុជាបន្តទទួលបាន ៣ ពិន្ទុ នៅក្នុងពូល A ខណៈការប្រកួតលើកទី ១ ទល់នឹងជម្រើសជាតិព្រុយណេ គឺកម្ពុជាបានលត់ក្រុមជម្រើសជាតិព្រុយណេ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-០ បូករួមទាំងជ័យជំនះយប់មិញនេះ ធ្វើឱ្យអ្នកគាំទ្រកម្ពុជា បន្តជំហរគាំទ្រយ៉ាងមុតមាំ នៅក្នុងការប្រកួតពានរង្វាន់ AFF U23 CHAMPIONSHIP 2022 ៕