អបអរសាទរ! អ្នកគាំទ្ររំភើបចិត្ត ក្រោយគោព្រៃកម្ពុជា យកឈ្នះ ១-០ លើហ្វីលីពីន យប់មិញ
នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ០៧ យប់កន្លងទៅ ក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ២៣ ឆ្នាំ បានបើកទ្វាផ្ទះនៅកីឡដ្ឋានមរតកតេជោ ទទួលស្វាគមន៍ ក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម ២៣ ឆ្នាំ ក្នុងជំនួបពានរង្វាន់ AFF U23 CHAMPIONSHIP 2022 ។
នៅក្នុងជំនួបដ៏ស្វិតស្វាញប្រមាណជា ៩០ នាទី នាំឱ្យក្រុមជម្រើសជាតិកម្ពុជា U23 យកឈ្នះលើក្រុមជម្រើសជាតិ ហ្វីលីពីន U23 ក្នុងលទ្ធផល ១ ទល់និង ០ ដែលគ្រាប់បាល់ រកបានដោយកីឡាករវ័យក្មេងជាងគេក្នុងក្រុម ឈ្មោះ ស៊ិន សុវណ្ណមករា ជាខ្សែបម្រើពាក់លេខ ២៥ បំប៉ោងសំណាញ់ទី នៅនាទីទី ៨១ ដែលមិនធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រគោព្រៃកម្ពុជា ខកបំណងនោះឡើយ។
យ៉ាងណាមិញ ជ័យជំនះលើហ្វីលីពីន នៅក្នុងយប់មិញនេះ បានធ្វើឱ្យកម្ពុជាបន្តទទួលបាន ៣ ពិន្ទុ នៅក្នុងពូល A ខណៈការប្រកួតលើកទី ១ ទល់នឹង ជម្រើសជាតិព្រុយណេ គឺកម្ពុជា បានលត់ក្រុមជម្រើសជាតិព្រុយណេ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-០ បួករួមទាំងជ័យជំនះយប់មិញនេះ ធ្វើឱ្យអ្នកគាំទ្រកម្ពុជា បន្តជំហរគាំទ្រយ៉ាងមុតមាំ នៅក្នុងការប្រកួតពានរង្វាន់ AFF U23 CHAMPIONSHIP 2022 ៕