សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ពីជំនួបប្រកួតបាល់ទាត់ដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងថ្ងៃនេះ ដោយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ នឹងបើកទ្វារទទួលស្វាគមន៍ក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម ២៣ ឆ្នាំ ក្នុងជំនួបពានរង្វាន់ AFF U23 CHAMPIONSHIP 2022 ។
ចំពោះការប្រកួតជម្រើសជាតិរវាង ហ្វីលីពីន ជាមួយ កម្ពុជា នេះ នឹងប្រព្រឹត្តធ្វើឡើងនៅក្នុង ពហុកីឡដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ វេលាម៉ោង ១៩:០០ នាទី ខណៈការប្រកួតមានលក់សំបុត្រ បើកឱ្យចូលទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋាន ព្រមទាំងមានផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ BTV News និង ផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា BTV News ផងដែរ។
យ៉ាងណាមិញ សូមរំឭកផងដែរថា ជំនួបប្រកួតដំបូង របស់ក្រុមជម្រើសជាតិកម្ពុជា នៅក្នុងការប្រកួត AFF U23 CHAMPIONSHIP 2022 កាលពីយប់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ គឺក្រុមគោព្រៃកម្ពុជា មិនធ្វើឱ្យអ្នកគាំទ្រខកបំណងនោះឡើយ ដោយបានសាងជ័យជម្នះ លត់ក្រុមជម្រើសជាតិព្រុយណេ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-០ ខណៈក្នុងថ្ងៃនេះ អ្នកគាំទ្រនៅតែបង្ហាញគោលជំហរយ៉ាងមុតមាំ និង សង្ឃឹមថាកម្ពុជា អាចនឹងយកឈ្នះ ក្រុមជម្រើសជាតិប្រទេសហ្វីលីពីនបាន៕