ផ្ទុះការសរសើរ! ចាន់ វឌ្ឍនាកា ស៊ូដើរកាន់ដងច្រត់ទៅទស្សនា និង ផ្តល់កម្លាំងចិត្ត AFF U23 Championship ទាំងជើងទើបតែវះកាត់
កាលពីរាត្រីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនអ្នកគាំទ្រវិស័យបាល់ទាត់ ជាពិសេសអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិកម្ពុជា ហាក់មានក្តីរំភើប និង ត្រេកអរយ៉ាងខ្លាំងក្រោយការប្រកួតរវាង ក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិ ប៊្រុយណេ អាយុក្រោម ២៣ ឆ្នាំ ទទួលបានលទ្ធផលដោយកម្ពុជាយកឈ្នះទៅលើគូប្រកួត ៦-០។
ក្នុងការប្រកួតពានរង្វាន់ AFF U23 CHAMPIONSHIP 2022 នេះ គេក៏បានឃើញមានវត្តមានរបស់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងក្មេងចាស់ប្រុសស្រីជាច្រើន បានទៅចូលរួមទិញសំបុត្រទស្សនាផ្ទាល់ នៅឯនៅពហុកីឡដ្ឋានជាតិ មរតកតេជោ។ បើទោះជាអំឡុងពេលប្រកួតមានភ្លៀងយ៉ាងណា តែម្នាក់ៗហាក់រីករាយយ៉ាងខ្លាំងក្នុងទិដ្ឋភាពដ៏វិសេសវិសាលនេះ។
ក្នុងនោះ ក្រឡេកទៅមើលកីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ឯនោះវិញ ក៏ឃើញមានវត្តមានក្នុងការចូលរួមទស្សនា និង ផ្តល់កម្លាំងចិត្តដល់ក្រុមជម្រើសរើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ ដែរ បើទោះជាលោកទើបតែវះកាត់ជើងថ្មីៗក៏ដោយក្តី។
តាមរយៈសកម្មភាពកាលពីយប់មិញនេះ កីឡាករពាក់ស្លាកលេខ ១១ ចាន់ វឌ្ឍនាកា ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រមានក្តីសរសើរពីទឹកចិត្តរបស់លោកមិនតិចនោះដែរ ដោយហេតុថា បើទោះជាខ្លួនទើបតែវះកាត់ជើងមិនទាន់បានប៉ុន្មានថ្ងៃផង លោកបានបង្ហាញទឹកចិត្តស្រឡាញ់ គាំទ្រ តស៊ូកាន់ដងច្រត់ទៅទស្សនាការប្រកួត AFF U23 CHAMPIONSHIP 2022 និង ទៅផ្តល់កម្លាំងចិត្តដោយផ្ទាល់ទៀតផង នៅឯនៅពហុកីឡដ្ឋានជាតិ មរតកតេជោ៕