ការប្រកួតពានរង្វាន់ AFF U23 CHAMPIONSHIP 2022 រវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិ ប៊្រុយណេ អាយុក្រោម ២៣ ឆ្នាំ បានបញ្ចប់យ៉ាងរលូនកាលពីរាត្រីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដោយក្នុងនោះកម្ពុជាទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរបំផុត គឺបានយកឈ្នះទៅលើដៃគូប្រកួត ៦-០ ឯណោះ។
ក្នុងនោះ ក្រោយបញ្ចប់តង់ទី ១ កម្ពុជារកបាន ៣ គ្រាប់ទល់នឹង ០ ទៅលើក្រុមជម្រើសជាតិ ប៊្រុយណេ និង នៅតង់ទី ២ ក្រុមគោព្រៃជំទងរបស់កម្ពុជា បានបង្កើតចង្វាក់លេងយ៉ាងសង់តង់គ្នាបន្ថែមទៀត គឺពួកគេអាចរកគ្រាប់បាល់បន្ថែមទៀតទៅលើក្រុម U23 ប៊្រុយណេ ដល់ទៅ ៣ គ្រាប់ ដែលនាំឱ្យលទ្ធផលផ្លូវការក្រោយបញ្ចប់ការប្រកួត U23 កម្ពុជា បានយកឈ្នះ ៦-០ លើ U23 ប៊្រុយណេ។
ការទទួលបានភាពជោគជ័យរបស់ក្រុមម្ចាស់ផ្ទះជម្រើសជាតិកម្ពុជា ដែលបានលត់គូបដិបក្ខ ប៊្រុយណេ មិនឱ្យតដៃត្រឡប់មកវិញនេះ បានធ្វើឱ្យអ្នកគាំទ្រដែលបានទៅទស្សនាផ្ទាល់ ក៏ដូចជាអ្នកគាំទ្រដែលបានទស្សនានៅតាមគេហដ្ឋាន ស្រែកហ៊ោអបអរសាទរ និង មានមោទកភាពបំផុតចំពោះក្រុមគោព្រៃជំទង់របស់កម្ពុជាយើង ដែលបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតលើកនេះ។
គួរឱ្យដឹងដែរថា នៅតង់ទី ១ រយៈពេល ៤៥ នាទី ក្រុមគោព្រៃកម្ពុជា រកបាន ៣ គ្រាប់ ដោយគ្រាប់បាល់ទី ១ រកបានដោយកីឡាករ សៀង ចន្ធា នៅនាទី ទី ១៨។ សម្រាប់គ្រាប់បាល់ទី ២ រកបាននៅនាទី ទី ២០ ដោយកីឡាករ ញាណ សុស៊ីដាន ឯគ្រាប់បាល់ទី ៣ គឺរកបាននៅនាទី ទី ៣២ ដោយកីឡាករ សារ ទី។ ចំពោះតង់ទី ២ ក្រុមគោព្រៃកម្ពុជា ក៏រកបាន ៣ គ្រាប់បន្ថែមទៀត ដោយគ្រាប់ទី ៤ គឺរកបាននៅនាទី ទី ៧២ ដោយកីឡាករ តាំង ប៊ុនឆៃ ហើយគ្រាប់ទី ៥ គឺរកបានដោយកីឡាករ ស រតនា នៅនាទី ទី ៨៦ និង ចុងក្រោយ គ្រាប់ទី ៦ គឺរកបានដោយកីឡាករ ណារ៉ុង កក្កដា នៅនាទី ទី ៨៩៕
ប្រភពរូប៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា