ច្បាស់ការហើយ! Ronaldo ត្រឡប់មកទ្រនំចាស់ Man Utd វិញ ក្រោយចាកចេញជាង ១០ ឆ្នាំ
ទីផ្សារដោះដូរកីឡាករ នៅក្នុងពិភពបាល់ទាត់កំពុងតែកក្រើកជាខ្លាំង ក្រោយកីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្រេចស្នើឱ្យក្លឹបសេះបង្កងអ៊ីតាលី Juventus ធ្វើការផ្ទេរខ្លួនចេញ និង សម្រេចចិត្តជ្រើសរើសទ្រនំថ្មីភ្លាមៗ មុនពេលឈានទៅដល់ការបិទបញ្ចប់ការដោះដូរកីឡាករ ។
ក្រោយពីចាកចេញពី Juventus តាមរយៈការចុះផ្សាយរបស់ក្លឹប Manchester United ផ្ទាល់បានឱ្យដឹងថា «ក្លឹបបិសាចក្រហម Manchester United មានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការបញ្ជាក់ថា ក្លឹបបានឈានដល់កិច្ចព្រមព្រៀងជាមួយ Juventus ក្នុងការផ្ទេរកីឡាករ Cristiano Ronaldo ដោយមានការព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួន ទិដ្ឋាការ និង វេជ្ជសាស្ត្រ ជាដើម» ។
គួរឱ្យដឹងផងដែរថា Cristiano Ronaldo ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល រហូតមកដល់ពេលនេះ បានឈ្នះពានរង្វាន់ធំៗ ចំនួន ៣០ ក្នុងអាជីពរបស់ខ្លួន រួមទាំងពានរង្វាន់ UEFA Champions League ចំនួន ៥ ពានរង្វាន់ FIFA Club World Cup ចំនួន ៤ ពានរង្វាន់ លីគចំនួន ៧ នៅប្រទេសអង់គ្លេស អេស្ប៉ាញ និង អ៊ីតាលី និង ពានរង្វាន់ជើងឯកអឺរ៉ុប សម្រាប់ជនជាតិព័រទុយហ្កាល់ដើមកំណើតរបស់លោក ។
ដោយឡែក នៅក្នុងការប្រកួតដំបូងរបស់ម្ចាស់ពាន Ballon d’Or ៥ សម័យកាលរូបនេះ សម្រាប់ក្រុម Manchester United គឺបានស៊ុតបាល់បញ្ចូលទីចំនួន ១១៨ គ្រាប់ ក្នុង ២៩២ ប្រកួត ។ បច្ចុប្បន្ន អ្នកគាំទ្រកំពុងនាំគ្នារង់ចាំការបង្ហាញមុខរបស់ Cristiano Ronaldo ត្រឡប់មកទឹកដីបីសាចក្រហម Manchester United វិញ ដែលជាទ្រនំចាស់របស់ខ្លួន ធ្លាប់លេងរយៈពេល ៦ ឆ្នាំ គិតចាប់ពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០០៩ ៕