Giroud សម្រេចចិត្តចុះកុងត្រាថ្មី លេងនៅ AC Milan ដល់វ័យ ៣៧ ឆ្នាំ
កីឡាករក្រុមជម្រើសជាតិបារាំង ខែ្សប្រយុទ្ធ Oliver Giroud វ័យ ៣៤ ឆ្នាំ បានផ្ទេរពី Chelsea ទៅកាន់ក្លិប AC Milan ក្នុងតម្លៃត្រឹម ១ លានផោនប៉ុណ្ណោះ ក្រោយពីចំណាយពេលចំនួន ៣ រដូវកាលជាមួយក្រុមតោខៀវ និងឈ្នះពានមួយចំនួនដូចជា Europa League និង Champions League ជាដើម ។ ដោយពេលនេះ កីឡាកររូបនេះបានមកដល់ទីក្រុង Milan ប្រទេសអ៊ីតាលីហើយ ដើម្បីពិនិត្យសុខភាព និងត្រៀមចុះកុងត្រាជាផ្លូវការ ។
ចំពោះរយៈពេលនៃកុងត្រាថ្មីនេះ គឺមានសុពលភាព ២ ឆ្នាំ រហូតដល់ ខែមិថុនា ឆ្នាំ ២០២៣ តែតម្លៃពលកម្មត្រូវក្លិបបិទជិត មិនបង្ហាញជាផ្លូរការឡើយ។ ជាទូទៅ កីឡាករដែលមានតម្លៃខ្លួនផ្ទេរទាប ហើយល្អខ្លាំងបែបនេះ ត្រូវបានគេដឹងថា នឹងទទួលបានតម្លៃពលកម្មកប់ពពក ។
គួរឱ្យដឹងដែរថា Oliver Giroud ជាកីឡាករជម្រើសជាតិបារាំង ដ៏ល្បីមួយរូប ដែលធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិដល់ទៅ ១១០ ប្រកួត រកបាន ៤៦ គ្រាប់។ យ៉ាងណាមិញ ទោះបីជាបច្ចុប្បន្នមានវ័យដល់ទៅ ៣៤ ឆ្នាំក្តី តែកីឡាកររូបនេះ នៅតែជាជម្រើសដំបូង ក្នុងជម្រើសជាតិបារាំង៕