ច្បាស់ហើយ! Messi បន្តរួមរស់ជាមួយ Barcelona ៥ ឆ្នាំទៀត ទោះបីបានប្រាក់ខែតែពាក់កណ្ដាល
តាមសារព័ត៌មាន BBC កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ បានឱ្យដឹងថា ខ្សែប្រយុទ្ធ Lionel Messi បានសម្រេចចិត្តចុះកុងត្រាជាមួយក្លិបចាស់របស់ខ្លួន Barcelona បន្តទៀត ប៉ុន្តែគួរឱ្យស្តាយ រូបគេត្រូវបានកាត់ប្រាក់ខែ ៥០ ភាគរយ ដោយសារក្លិបយក្សអេស្ប៉ាញនេះបានជួបបញ្ហាស្ឋេដកិច្ច ស្របពេលដែលវិបត្តិកូវីដ-១៩ បន្តកើនឡើង មិនឈប់ឈរ ។
ទោះបីត្រូវកាត់ប្រាក់ខែ ៥០ ភាគរយក្តី ប៉ុន្តែខ្សែប្រយុទ្ធជើងចាស់ Lionel Messi បាននិយាយចរចាត្រូវរ៉ូវគ្នារួចហើយជាមួយក្លិប Barcelona ដោយរូបគេបានបន្តចុះកិច្ចព្រមព្រៀង ៥ ឆ្នាំ លេងឱ្យក្លិបអ្នកមានបុណ្យ Barcelona នេះ ។
ងាកក្រោយបន្តិច ពោលគឺនៅពេលដែល Lionel Messi បានផុតកុងត្រាជាមួយ Barcelona កាលពីប៉ុន្មានខែកន្លងទៅនេះ ក៏មានក្លិបមកពីអង់គ្លេស Manchester City និង ក្លិបមហាសេដ្ឋីបារាំង PSG បានទាក់ទងទៅកាន់រូបគេដែរ ប៉ុន្តែការចរចាបានបរាជ័យ ។
ទោះបីជាមានក្លិបដទៃបានឱ្យប្រាក់ខែរូបគេស្មើក្លិបចាស់ ឬ ច្រើនជាងក្លិបចាស់ក៏ដោយ ក៏ខ្សែប្រយុទ្ធមុតស្រួចរូបនេះ មិនព្រមចុះកុងត្រាដែរ ។ គួរឱ្យដឹងដែរថា សម្រាប់ប្រាក់ខែនៅពេលដែលមិនទាន់កាត់ ៥០ ភាគរយនោះគឺ Lionel Messi ទទួលបាន ១២៣ លានផោនក្នុងមួយឆ្នាំ ពីក្លិប Barcelona ៕
ប្រភព ៖ BBC