PSG ចុះកុងត្រានាំយក អ្នកចាំទី Donnarumma ជនជាតិអ៊ីតាលីចូលក្លិបរបស់ខ្លួន
អ្នកចាំទី Gigio Donnarumma បានជួយឱ្យជម្រើសជាតិរបស់ខ្លួន គឺអ៊ីតាលី ឈ្នះពាន UEFA Euro 2020 បានបន្ទាប់ពីយកឈ្នះអង់គ្លេសដោយបាល់ពិន័យ ១១ ម៉ែត្រកាត់សេចក្ដី ដោយហេតុថាអ្នកចាំទីឆ្នើមរូបនេះបានសង្រ្គោះបាល់ ១១ ម៉ែត្រ បានចំនួន ២ ដង ជួយ អ៊ីតាលី ឈ្នះជើងឯក UEFA Euro 2020 ជាលើកទីពីររបស់ពួកគេ ក្រោយពីរង់ចាំអស់រយៈពេល ៥៣ ឆ្នាំ គិតចាប់ពីឆ្នាំ ១៩៦៨ មក។ ពេលនេះ អ្នកចាំទី Gigio Donnarumma បានបញ្ចប់កិច្ចសន្យាជាមួយក្លិប AC Milan នៅឯប្រទេស អ៊ីតាលី Serie A ហើយ។
បន្ទាប់ពីកិច្ចសន្យានេះបានចប់នៅក្លិប AC Milan ឯប្រទេសខ្លួន ពេលនេះអ្នកចាំទី Gigio Donnarumma បានចរចាជាមួយក្លិបមហាសេដ្ឋីបារាំង ហើយការចរចាមួយនេះបានត្រូវរ៉ូវគ្នា បន្ទាប់ពីកីឡាកររូបនេះ បានយល់ព្រមកិច្ចព្រមព្រៀង ៥ ឆ្នាំ លេងឱ្យក្លិប Paris Saint Germain ។
គួរបញ្ជាក់ផងដែរថា ការចុះហត្ថលេខានាំយកអ្នកចាំទីឆ្នើម Gigio Donnarumma វ័យ ២២ ឆ្នាំ រូបនេះ ពីក្លិប AC Milan នោះ គឺក្នុងមួយឆ្នាំៗ រូបគេទទួលបានប្រាក់ឈ្នួលចំនួន ១២ លានអឺរ៉ូឯណោះ ពីក្លិបមហាសេដ្ឋីបារាំង ៕
ប្រភព : Sky Sport