ផ្ទុះកូវីដពេក វៀតណាម ប្រកាសលើកព្រឹត្តិការណ៍ស៊ីហ្គេម ទៅឆ្នាំ ២០២២ វិញ
នៅប្រទេសវៀតណាម ជំងឺកូវីដ-១៩ ដែលជារលកទី ២ បានកំពុងតែសាយភាយខ្លាំងទៅៗ ដែលបានបង្កជាក្តីព្រួយបារម្ភមួយទៅដល់ការធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម នាចុងឆ្នាំ ២០២១ នេះ ដែលវៀតណាម គ្រោងនឹងទទួលប្រទេសចំនួន ១០ ដោយមានអត្តពលិករាប់ម៉ឺននាក់ ។
តួលេខអ្នកឆ្លងនៅប្រទេសក្បែរខាងកម្ពុជាមួយនេះ កំពុងតែកើនឡើងផង ហើយប្រទេសក្នុងតំបន់អាស៊ាន កំពុងតែប្រយុទ្ធនឹងកូវីដ-១៩ នេះផង វៀតណាម បានប្រកាសនឹងលើកពេលព្រឹត្តិការណ៍នេះជាបណ្តោះអាសន្ន ដោយគ្រោងធ្វើនៅឆ្នាំ ២០២២ វិញ តែមិនកំណត់កាលរិច្ឆេទឡើយ ។
គួរឱ្យដឹងដែរថា ការប្រកួតកីឡាដ៏ធំជាងគេបង្អស់ប្រចាំតំបន់អាស៊ាន SEA GAMES លើកទី ៣១ ឆ្នាំ ២០២១ គ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងហាណូយ ភាគខាងជើង ប្រទេសវៀតណាម ពីថ្ងៃអាទិត្យ ទី ២១ វិច្ឆិកា ឆ្នាំ ២០២១ រហូតដល់ថ្ងៃព្រហស្បតិ៍ទី ០២ ខែធ្នូ ឆ្នាំ ២០២១ ដោយធ្វើពិធីបើក និង បិទ នៅក្នុងកីឡដ្ឋាន Mỹ Đình ៕
ប្រភព ៖ camsoc