អ្នកគាំទ្រក្រុម Atlético Madrid ព្រួយចិត្តក្រោយដឹងថា Luis Suárez ខ្សែប្រយុទ្ធរបួសសាច់ដុំជើង
មុននេះមានដំណឹងមិនច្បាស់ការណ៍មួយបានបង្ហាញថា Luis Suárez បានរងរបួសតាំងពីថ្ងៃច័ន្ទ ហើយក្នុងការហាត់សមនៅព្រឹកថ្ងៃពុធកន្លងទៅនេះ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះមិនបានមកហាត់ទេ ប៉ុន្តែក្រុមអ្នកគាំទ្រមួយចំនួនគិតថាព័ត៌មាននេះមិនពិតទេ កីឡាករដ៏ល្បីមួយរូបនេះអាចនៅជួយក្រុមក្នុងការប្រកួតបាន ។
រហូតមកដល់ថ្ងៃទី ៧ ខែមេសានេះ គេហទំព័ររបស់ក្លិប Atlético Madrid បានបញ្ជាក់ច្បាស់ហើយថា Luis Suárez បានរងរបួសសាច់ដុំជើងខាងឆ្វេង ទើបធ្វើឱ្យគាត់មិនអាចមកហ្វឹកហាត់ជាមួយក្រុមបានកាលពីថ្ងៃពុធកន្លងមកនេះ ហើយអាចសម្រាកយ៉ាងតិចណាស់ក៏ ៣ សប្ដាហ៍ដែរ ។
កីឡាកររូបនេះ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យរួចរាល់ហើយ និង ត្រូវបន្តឃ្លាំមើលអាការបន្តទៀត ។ នៅពេលដែលមានការរាយការណ៍ជាផ្លូវការពីក្រុម Atlético Madrid បែបនេះហើយ ទើបធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភពីការប្រកួតរបស់ក្រុមនៅចុងខែនេះ ៕