ក្រុមល្បីទាំង ៣ ក្រុមនេះ កំពុងនាំគ្នាដណ្ដើមកុងត្រាពី David de Gea អ្នកចាំទីក្រុមបិសាចក្រហម
នៅរដូវកាលនេះ David de Gea ធ្លាក់ដៃបន្តិច រហូតបាត់បង់ជម្រើសដំបូងឱ្យ Dean Henderson ចំនួន ៧ ប្រកួតទៅហើយ ម្យ៉ាងទៀតដោយលោក Ole Gunnar Solskjær គ្រូបង្វឹករបស់ក្រុមចង់ផ្ដល់ឱកាសឱ្យកីឡាករក្មេងៗបានចូលលេងយកបទពិសោធ ព្រោះ David de Gea មានអាយុ ៣០ ឆ្នាំទៅហើយ ។ ហេតុនេះហើយ ទើបអាចមានឱកាសឱ្យអ្នកចាំទីជម្រើសជាតិអេស្បាញម្នាក់នេះ បញ្ចប់កុងត្រាជាមួយក្រុម Manchester United នៅរដូវកាលនេះ ។
ស្របពេលនឹងមានព័ត៌មាននេះ កាលពីថ្មីកន្លងទៅមានការរាយការណ៍ថា បណ្ដាក្រុមល្បីៗនៅអឺរ៉ុបជាច្រើនមានចំណាប់អារម្មណ៍ក្នុងការទាញយកកីឡាករវ័យ ៣០ ឆ្នាំរូបនេះចូលក្រុមខ្លួន ក្នុងនោះក្រុមកំពូលទាំង ៣ ដែលអាចមានសិទ្ធិច្រើនជាងគេនោះ គឺមានក្រុម Paris Saint-Germain ពីបារាំង Real Madrid និង ក្រុមចាស់របស់គាត់គឺ Atlético Madrid ពីអេស្ប៉ាញ ។
យ៉ាងណាមិញ គេនៅមិនទាន់ដឹងឡើយថា កីឡាករ David de Gea អាចនឹងត្រូវជ្រើសរើសយកក្រុមណាមួយនោះទេ ដើម្បីបន្តអាជីពខ្លួនរវាងក្រុមទាំង ៣ ខាងលើនេះ បន្ទាប់ពីបញ្ចប់កុងត្រាពីក្លឹបខ្លួននោះ ៕