៣ ក្លឹបមកពី La Liga ជាប់ចំណាត់ថ្នាក់ជាក្លឹបខ្លាំងបំផុតនាទសវត្សរ៍នេះ
ចន្លោះពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០ ក្លឹបបាល់ទាត់នៅអេស្ប៉ាញបានគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបទាំងមូល ។ ក្នុងរយៈពេល ១០ ឆ្នាំនេះ Champions League ត្រូវបានឈ្នះដោយក្រុមនៅ La Liga Santander ចំនួន ៦ លើកក្នុងនោះ Real Madrid ៤ លើក និង FC Barcelona ២ លើក ។ ទន្ទឹមនឹងនេះពានរង្វាន់ Europa League ក៏ត្រូវបានឈ្នះដោយក្រុមមកពីអេស្ប៉ាញចំនួន ៦ ដងផងដែរ ដោយ Sevilla FC បានលើកវាចំនួន ៤ លើក និង Atlético Madrid ២ លើក ។
តាមការសរុបពិន្ទុពីស្ថាប័នប្រវត្ថិសាស្ត្របាល់ទាត់ IFFHS សម្រាប់ទសវត្សឆ្នាំ ២០១០ ដល់ ២០២០ កន្លងមកនេះមានក្លឹប ៣ មកពី La Liga ឈរនៅកំពូលតារាងទាំង ៥ FC Barcelona ឈរនៅចំណាត់ថ្នាក់លេខ ១ ឯ Real Madrid ឈរនៅលេខ ២ ខណៈដែលAtlético Madrid ស្ថិតនៅលំដាប់ទី ៥ ។
ក្រុមក្រៅពី La Liga ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលនេះ មានដូចជាក្រុមលេខ ៣ Bayern Munich និង PSG ចំណាត់ថ្នាក់លេខ ៤ ។ ហើយនាំមុខក្រុមលេខ ៦ Juventus និងលេខ ៧ Chelsea ៕
ប្រភព ៖ IFFHS