ខ្សែរាជវង្សមកពីអាស៊ីអាគ្នេយ៍ កំពុងពេញចិត្តក្នុងការទិញយកក្លិបមួយនៅ La Liga
ព្រះអង្គម្ចាស់ Tunku Ismail ibni Sultan Ibrahim និង ជាប្រធានក្លិបបាល់ទាត់ Johor Darul T’azim នៃលីគកំពូលម៉ាឡេស៊ី គឺជាខ្សែរាជវង្សដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី ដោយបច្ចុប្បន្នព្រះអង្គម្ចាស់រូបនេះ កំពុងតែកាន់កាប់ជំនួញជាច្រើនសិបមុខនៅក្នុងដៃ ។
ដោយមានចំណងចំណូលចិត្តខាងបាល់ទាត់ខ្លាំង ព្រះអង្គម្ចាស់ត្រូវបាន លោក Peter ជនជាតិសិង្ហបុរី ដែលជាម្ចាស់ក្លិប Valencia នៃលីគកំពូលអេស្ប៉ាញ បញ្វុះបញ្ចូលដើម្បីសាងយកក្លិបនេះ ទៅដឹកនាំបន្តឱ្យមានភាពរីកចម្រើនទៅមុខទៀត ។ ដ្បិតតែមិនទាន់បានចុះកិច្ចព្រមព្រៀងអ្វីជាផ្លូវការក៏ដោយ ក៏ប៉ុន្តែព្រះអង្គម្ចាស់ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ក្នុងការចូលមកដឹកនាំក្លិបមួយនេះ ។
គួរឱ្យដឹងដែរថា ក្លិបបាល់ទាត់ Johor Darul T’azim គឺជាក្លិបដែលមានជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយបានឈ្នះជើងឯកលីគកំពូលម៉ាឡេស៊ី ៧ រដូវកាលជាប់ៗគ្នា និង ពាន AFC CUP មួយលើកផងដែរ ។ បច្ចុប្បន្នក្លិបមួយនេះ កំពុងតែលេងនៅក្របខណ្ឌធំបំផុតរបស់ទ្វីបអាស៊ី គឺ AFC Champions League ៕
ប្រភពៈ Marca