Pacquiao កំណត់ទាល់តែបានយ៉ាងតិច ៥០ លានដុល្លារ ទើបព្រមឡើងវ៉ៃវិញ
ស្តេចប្រដាល់ប្រចាំទ្វីបអាស៊ី និង ពិភពលោក Manny Pacquiao បានប្រកាសថា ខ្លួនអាចនឹងឡើងសង្វៀនសាជាថ្មី នៅក្នុងឆ្នាំ ២០២១ នេះ ។ ការប្រកាសនេះ គឺបន្ទាប់ពីកីឡាករពូកែប្តូរកណ្តាប់ដៃរូបនេះ បានទាក់ទងជាមួយនឹងផ្នែកទីផ្សារ ដើម្បីឱ្យគេរកប្រកួតជូន ក្នុងឆ្នាំ ២០២១ នេះ ដោយរំពឹងថានឹងអាចរកចំណូលបានច្រើនសន្ធឹកសន្ធាប់ ។
កីឡាកររូបនេះ បានបន្ថែមថា គេនឹងមិនខ្ជះខ្ជាយពេលវេលាក្នុងការប្រកួតតូចតាចទៀតឡើយ ។ Pacquiao បានដាក់លក្ខខណ្ឌថា រាល់ការប្រកួតបន្ទាប់របស់គេគឺត្រូវតែប៉ះជាមួយនឹងកីឡាករខ្លាំងមិនដែលចាញ់ ឬ ជាម្ចាស់ខ្សែក្រវ៉ាត់ តែតម្រូវឱ្យប្រកួតទាំងនោះអាចរកលុយយ៉ាងហោចណាស់ ៥០ លានដុល្លារសម្រាប់គេដែរទើបគេព្រមឡើងវ៉ៃ ។
បើតាមការរំពឹងទុក កីឡាករដែលមានតួនាទីជាតំណាងរាស្ត្រហ្វីលីពីន Pacquiao អាចនឹងជួបកីឡាករម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក Terence Crawford ឬក៏អាចជា Conor McGregor ដែលការប្រកួតអាចនឹងធ្វើឡើងនៅក្នុងប្រទេសកាតារ នាចុងឆ្នាំ ២០២១ ខាងមុខនេះ ។ វាអាចជាការប្រកួតដ៏ធំមួយរបស់ពិភពលោក ដែលរំពឹងថានឹងអាចរកប្រាក់បានយ៉ាងហោចណាស់ក៏ប្រមាណជា ៩០ លានដុល្លារដែរ ៕
ប្រភព៖ BYN