ប្រធានក្លឹបជើងឯកលីគកំពូលចិន ប្រកាសជូនក្លឹបដល់អ្នកដែលចង់បាន ដោយឥតគិតថ្លៃ
ប្រធានក្លិបបាល់ទាត់ Jiangsu FC បានប្រកាសជាផ្លូវការថានឹងប្រគល់ក្លឹបរបស់ខ្លួនជូនដល់អ្នកវិនិយោគ ឬ នរណាក៏បានឱ្យតែមានបំណងចង់បានក្លឹបមួយនេះទៅដឹកនាំ ដោយលោកនឹងជូនដោយមិនគិតតម្លៃលក់អ្វីឡើយ សូម្បីតែ ១ សេន ។
មូលហេតុនៃការប្រកាសផ្ទេរក្លឹបដោយឥតគិតថ្លៃនេះ គឺដោយសារតែលោកអស់សមត្ថភាពផ្នែកហិរញ្ញវត្ថុហើយ នៅក្នុងការស្តារ និង បន្តដឹកនាំក្លឹបដ៏ខ្លាំងមួយនេះបន្តទៅទៀត ។ ម្យ៉ាងវិញទៀត ក្លឹបមួយនេះថែមទាំងមានបំណុលប្រមាណជា ៧០ លានដុល្លារបន្ថែមទៀត ដែលអ្នកស្នងក្លឹបនេះត្រូវរ៉ាប់រងសងគេ ក្នុងនោះភាគច្រើនគឺជាការជំពាក់ប្រាក់ខែបុគ្គលិក និង កីឡាករកំឡុងពេលកូវីដកន្លងទៅនេះ ។
គួរឱ្យដឹងដែរថា ក្លឹប Jiangsu FC បានឈ្នះជើងឯកលីគកំពូលចិន (China Super Leauge) កាលពីឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានសិទ្ធិទៅលេងវគ្គចែកពូលដោយស្វ័យប្រវត្តិពាន AFC Champions League ។ ដោយសារតែការជំពាក់ប្រាក់ខែកីឡាករនេះហើយ បានធ្វើឱ្យក្លឹបមួយនេះ ត្រូវ AFC សម្រេចដកឈ្មោះចេញពីពានរង្វាន់ក្លឹបធំជាងគេប្រចាំទ្វីបអាស៊ីមួយនេះ ៕
ប្រភព៖ VHN